ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ ធ្វើសេចក្ដីសម្រេចចិត្ដ ជាផ្លូវការ ក្នុងការដាក់ពាក្យ ស្នើសុំចូលជាសមាជិក អង្គការណាតូ

ហែលស៊ីនគី ៖ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេស របស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ បានសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរ ការនៃការដាក់ពាក្យសុំចូល ជាសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ។

នៅថ្ងៃទី១៥ ខែឧសភា ប្រធានាធិបតី នៃសាធារណរដ្ឋ និងគណៈរដ្ឋមន្ត្រីនៃគោលនយោបាយការបរទេស និងសន្តិសុខ របស់រដ្ឋាភិបាល បានបញ្ចប់របាយការណ៍ ស្តីពីការចូលរួមរបស់ប្រទេសហ្វាំងឡង់ ទៅកាន់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង។ របាយការណ៍នេះនឹងបន្តទៅសម័យប្រជុំពេញអង្គរបស់រដ្ឋាភិបាលនៅថ្ងៃនេះ ហើយបន្ទាប់ពីការអនុម័ត វា នឹង ត្រូវបញ្ជូនទៅសភា។

ថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រី Sanna Marin លោកប្រធានាធិបតី Sauli Niinisto បានពណ៌នាថ្ងៃនោះថា ជាប្រវត្តិសាស្ត្រ ខណៈយុគសម័យថ្មីកំពុងបើក ។ លោកបានលើកឡើងថា សន្តិសុខហ្វាំងឡង់ មិនមែនជា “ល្បែងសូន្យ” មិនសំដៅប្រឆាំងនឹង នរណាម្នាក់នោះទេ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Marin បានលើកឡើងថា បន្ទាប់ពីការអនុម័តរបស់សភា គណៈរដ្ឋមន្ត្រីនឹងស្នើទៅប្រធានាធិបតី Niinisto ឱ្យបញ្ជូនពាក្យសុំទៅអង្គការណាតូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងការហៅទូរស័ព្ទដែលផ្តួចផ្តើមដោយទីក្រុង Helsinki កាលពីថ្ងៃសៅរ៍លោក Niinisto បានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីការសម្រេចចិត្តរបស់ហ្វាំងឡង់ ក្នុងការស្វែងរកសមាជិកភាពណាតូ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា “លោកពូទីន បានសង្កត់ធ្ងន់ថា ការបោះបង់ចោលគោលនយោបាយ ប្រពៃណីនៃអព្យាក្រឹតភាពយោធានឹងក្លាយជាកំហុសមួយ ចាប់តាំងពីមិនមានការគំរាមកំហែង ដល់សន្តិសុខរបស់ប្រទេសហ្វាំងឡង់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top