ព័ត៌មានអន្តរជាតិ

លោក Zelenskyy៖ រុស្ស៊ីកំពុងព្យាយាម បំផ្លាញជីវិតទាំងអស់ នៅក្នុងទីក្រុងដុនបាស

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹង នៅក្នុងការបង្ហោះសារ ដើម្បីអមជាមួយសុន្ទរកថា ជាវីដេអូ ពេលយប់របស់លោក ដៃ គូរបស់អ៊ុយក្រែន យល់ស្របថា ការតស៊ូរបស់ខ្លួនប្រឆាំង នឹងរុស្ស៊ី គឺជាការការពារតម្លៃរួម នៃប្រទេសទាំងអស់ នៅក្នុងពិភពលោកសេរី។

លោក Zelenskyy បានលើកឡើងថា លោក “ដឹងគុណចំពោះដៃគូទាំងអស់ ដែលបានជួយ និងផ្តល់អាវុធ និងគ្រាប់រំសេវចាំបាច់ ដើម្បីយកឈ្នះលើអត្ថប្រយោជន៍ របស់កងទ័ពរុស្ស៊ី” ។

លោកបានបន្ដថា ការវាយប្រហារ ដោយកាំជ្រួច ចំនួន១៤៧៤លើក ត្រូវបានធ្វើឡើង ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីជម្លោះ ចាប់ផ្តើមមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោក Zelenskyy បានលើកឡើងថា “ពួកឈ្លានពានកំពុងធ្វើសង្រ្គាម ដ៏ឃោរឃៅប្រឆាំងនឹងយើង ជាការពិតណាស់ មិនមានសង្រ្គាមបែបនេះ នៅលើទ្វីបអឺរ៉ុប អស់រយៈពេល ៧៧ ឆ្នាំមកហើយ។

លោកបានបញ្ជាក់ថា “សង្គ្រាមសរុប ដែលសត្រូវព្យាយាមបំផ្លាញមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន តាមតែអាចធ្វើទៅបាន។ ក្នុងរយៈពេលតិចជាង ៣ខែ មានការវាយប្រហារ តាមផ្លូវអាកាសជាង ៣០០០ លើករួចមកហើយ ដោយយន្តហោះ និងឧទ្ធម្ភាគចក្ររុស្ស៊ី”៕ប្រែសម្រួល ឈូក បូរ៉ា

To Top