ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្រួយបារម្ភចំពោះពលរដ្ឋខ្លួន ដែលត្រឡប់ចូលអាមេរិកវិញ ជាមួយនឹងបទពិសោធន៍ ក្នុងសមរភូមិនៅអ៊ុយក្រែន

បរទេស៖ ក្រុមសកម្មប្រយុទ្ធអាមេរិក ដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងរុស្ស៊ី ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានសួរចម្លើយ នៅអាកាសយានដ្ឋាននានា ទូទាំងប្រទេស ដោយនាយកដ្ឋានគយ និងការពារព្រំដែនអាមេរិក (CBP) ដែលជាផ្នែកនៃក្រសួងសន្តិសុខមាតុភូមិ របស់អាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងាររបស់អាមេរិក មានការព្រួយបារម្ភអំពី “ពួកជ្រុលនិយមស្បែកស” ដែលត្រលប់មកផ្ទះវិញ (អាមេរិក) ជាមួយនឹងបទពិសោធន៍ក្នុងសមរភូមិ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានស៊ើបការណ៍សម្ងាត់ ដែលមិនបានចាត់ថ្នាក់ដែលទទួលបាន ដោយក្រុមឃ្លាំមើលរដ្ឋាភិបាល People’s Property កាលពីសប្តាហ៍មុន និងដកស្រង់ដោយសារព័ត៌មាន Politico ។

ព្រឹត្តិបត្រនេះត្រូវបានរៀបចំដោយ CBP និងមានចំណងជើងថា ‘ពលរដ្ឋសហរដ្ឋអាមេរិកចូលរួម ការប្រយុទ្ធដើម្បីអ៊ុយក្រែន’ និងត្រូវបានចុះថ្ងៃទី 7 ខែមីនា ត្រឹមតែជាងមួយសប្តាហ៍បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយលុកផ្នែកយោធា។

ឯកសារនេះបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងប្រមូលព័ត៌មាន អំពីជនជាតិអាមេរិក ដែលបានព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងបន្តតាមដានសកម្មភាព របស់ពួកគេបន្ទាប់ពីពួកគេត្រឡប់ទៅប្រទេសកំណើតវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top