ព័ត៌មានអន្តរជាតិ

រថភ្លើង បើកធ្លាក់ផ្លូវស្លាប់៤នាក់ នៅភាគខាងត្បូង អាល្លឺម៉ង់

បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រុមប៉ូលីស ក្នុងតំបន់កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារថភ្លើង ក្នុងស្រុកមួយខ្សែ ដែលកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុង Munich ពីទីក្រុងភាគខាងត្បូង Bavarian បានបើកធ្លាក់ផ្លូវនិងបានធ្វើឲ្យមនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រមាណជា៣០នាក់ទៀត រងរបួស។

យោងតាមប្រភព ដដែលបានឲ្យដឹងដែរថា ទូរថភ្លើងចំនួន៣បានធ្លាក់ចេញពីផ្លូវនិងមួយក្រឡាប់នៅពីលើ ទូរថភ្លើងផ្សេងទៀត នៅក្បែរទៅនឹងជម្រាលភ្នំក្បែរ ទីតាំងហើយជឿជាក់ថា ហេតុការណ៍ បានកើតឡើង ប្រមាណជាវេលាថ្ងៃត្រង់។

មកដល់ពេលនេះ ផ្លូវរថភ្លើងសម្រាប់ធ្វើដំណើរវាងទីក្រុងទាំងពីរ នៅតែបន្តបិទនៅឡើយ សម្រាប់មធ្យោបាយតាមរថភ្លើង ហើយអាជ្ញាធរជឿជាក់ថា នឹងត្រូវការចំណាយពេល ជាច្រើនថ្ងៃដើម្បីអាចធ្វើ ការទាញយក ទូរថភ្លើងទាំងអស់នោះ ចេញពីផ្លូវបាន។

បច្ចុប្បន្ននៅមិនទាន់មានអ្នកណាម្នាក់ ហ៊ានអះអាងអំពីមូលហេតុ នៃការបើកធ្លាក់ផ្លូវរថភ្លើងនេះនៅឡើយទេ ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលក្រុងកំពុង ចាប់ផ្តើមការស៊ើបអង្កេត ជាមួយនឹងអាជ្ញាធរ នៅក្នុងតំបន់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top