ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា រុស្ស៊ីគ្រប់គ្រង១/៥ នៃទឹកដីអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា កងកម្លាំងរុស្ស៊ី បានដណ្តើមយកទឹកដីរបស់ខ្លួនចំនួន២០ភាគរយ ខណៈដែលការឈ្លានពានរបស់ទីក្រុងម៉ូស្គូ ជិតដល់ថ្ងៃទី១០០របស់ខ្លួនហើយ ។

ថ្លែងទៅកាន់សមាជិកសភា នៅក្នុងប្រទេសលុចហ្សាំបួ លោកបានឲ្យទៀតថា ខ្សែជួរមុខបានលាតសន្ធឹង ជាង១.០០០គីឡូម៉ែត្រ ។

លោកបានប្រាប់ដល់ សមាជិកសភាតាមរយៈ videolink ថា “រាល់ទម្រង់យោធារុស្ស៊ី ដែលត្រៀមរួចជាស្រេចសម្រាប់ការប្រយុទ្ធគឺពាក់ព័ន្ធនឹងការឈ្លានពាននេះ” ។

កងកម្លាំងរុស្ស៊ី បាននឹងកំពុងបង្កើនការវាយប្រហារ ទៅលើទីក្រុង Severodonetsk ក្នុងតំបន់ Donbas ភាគខាងកើត ។

មន្ត្រីការពារជាតិអង់គ្លេស បានឲ្យដឹងផងដែរថា រុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុងភាគច្រើន ហើយកំពុងទទួលបាន “ការបង្កើនស្ថិរភាពនៅក្នុងតំបន់ ដែលត្រូវបានអនុញ្ញាតដោយការប្រមូលផ្តុំក្រុមកាំភ្លើងធំ” ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុង Severodonetsk គឺជាទីក្រុងដែលស្ថិតនៅភាគខាងកើតបំផុតហើយស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយអភិបាលតំបន់ Serhiy Haidai បានលើកឡើងថា ប្រទេសរុស្ស៊ី កំពុងព្យាយាមទម្លុះការការពារនៅក្នុងទីក្រុង “ពីគ្រប់ទិសទី” ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា កងទ័ពអ៊ុយក្រែន កំពុងធ្វើការវាយប្រហារតបត ដោយ “រុញច្រានសត្រូវមកវិញនៅតាមដងផ្លូវមួយចំនួន និងចាប់បានអ្នកទោសជាច្រើននាក់” ។

លោកបានបន្តថា ការប្រយុទ្ធគ្នានៅតាមដងផ្លូវយ៉ាងខ្លាំងក្លា នៅក្នុងទីក្រុងបានរារាំង ការជម្លៀសខ្លួនចេញ ដោយពណ៌នាពីកិច្ចខិតខំប្រឹងប្រែងបែបនេះថា ជា “គ្រោះថ្នាក់ខ្លាំង” ។

នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍លោក Zelensky បានថ្លែងថា ស្ថានភាពនៅ Donbas មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់អ្វីនោះទេនៅថ្ងៃនោះ ប៉ុន្តែប្រជាជនអ៊ុយក្រែន បានជួបប្រទះ “ជោគជ័យខ្លះ” នៅក្នុងសមរភូមិនៅ ក្រុង Severodonetsk ៕

[ដោយ៖ ម៉ៅ បុប្ផាមករា

To Top