ព័ត៌មានអន្តរជាតិ

Bloomberg៖ ពលរដ្ឋអាល្លឺម៉ង់ ត្រូវបង្ខំចិត្តកាត់ការ ចំណាយរបស់ខ្លួន

បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ការស្ទង់មតិ ដែលធ្វើឡើងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈ ARD ថា ស្ទើរតែពាក់កណ្តាល នៃពលរដ្ឋអាល្លឺម៉ង់ មិនអាចរក្សាបាន នូវរបៀបរស់នៅពីមុនរបស់ពួកគេ ចំពេលមានអតិផរណាខ្ពស់បំផុត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទិន្នន័យស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិក ប្រមាណ 47% បាននិយាយថា ពួកគេបានកាត់បន្ថយការចំណាយយ៉ាងច្រើន។ ក្នុងចំណោមជនជាតិអាល្លឺម៉ង់ ដែលមានចំណូលទាប សមាមាត្រនៃពលរដ្ឋ ដែលត្រូវបានបង្ខំចិត្តកាត់បន្ថយ ការចំណាយគឺស្ទើរតែ 75% ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើង ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន 1 337 នៅចន្លោះថ្ងៃទី 30 ខែឧសភា ដល់ថ្ងៃទី 1 ខែមិថុនា។

ដូចដែលបានរាយការណ៍ ដោយការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ អតិផរណានៅក្នុងសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុប បានឈានដល់កម្រិតខ្ពស់ ជាប្រវត្តិសាស្ត្រ 8.7% នៅក្នុងខែឧសភា ដែលជំរុញដោយការចំណាយលើថាមពល និងអាហារ។ ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព គឺរដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានបង្កើតនូវវិធានការមួយចំនួន រួមទាំងការកាត់បន្ថយបណ្តោះអាសន្ន លើពន្ធប្រេងឥន្ធនៈ និងតម្លៃសំបុត្រដឹកជញ្ជូនសាធារណៈ ប៉ុន្តែគំនិតផ្តួចផ្តើមនេះ មិនទាន់បានបន្ធូរបន្ថយកង្វល់របស់សាធារណជននៅឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top