ព័ត៌មានអន្តរជាតិ

ចិន មានឆន្ទៈជួយប្រទេស កោះប៉ាស៊ីហ្វិក ឲ្យរីកចម្រើន

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការជួយ ប្រទេសកោះប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿន នៃការអភិវឌ្ឍន៍ និងការរស់ឡើងវិញ បន្ទាប់ពីបានបញ្ចប់ ដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសកោះ ចំនួន៨។

លោក Wang Yi បានលើកឡើងថា នៅក្រោមស្ថានការណ៍អន្តរជាតិ ដ៏ច្របូកច្របល់ គួបផ្សំនឹងជំងឺរាតត្បាត កូវីដ-១៩ ដែលកំពុងបន្តរាតត្បាត និងការងើបឡើងវិញនៃសេដ្ឋកិច្ចទន់ខ្សោយ បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ត្រូវប្រឈមមុខនឹង ហានិភ័យ និងបញ្ហាប្រឈមកាន់ តែច្រើន។

លោក បានបន្ដថា ដំណើរទស្សនកិច្ច របស់លោកមានគោលបំណង ដើម្បីបង្កើនមិត្តភាព ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ប្រឈមមុខនឹងបញ្ហាប្រឈម ស្វែងរកការអភិវឌ្ឍន៍រួមគ្នា និងបង្កើតអនាគតរួមគ្នាជាមួយប្រទេសកោះ។

លោកបានបន្តថា “ដំណើរនេះជា ដំណើរសន្តិភាព កិច្ចសហប្រតិបត្តិការនិងមិត្តភាព “។

លោកបន្ថែមថា ដំណើរទស្សនៈកិច្ច របស់លោកបានគ្របដណ្តប់ លើប្រទេសកោះប៉ាស៊ីហ្វិក ទាំង១០ ដែលមានទំនាក់ទំនងការទូត ជាមួយប្រទេសចិន ហើយក្នុងអំឡុងពេល ដំណើរទស្សនកិច្ចនេះ លោកបានធ្វើការប្រាស្រ័យទាក់ទងគ្នា យ៉ាងទូលំទូលាយ និងស៊ីជម្រៅជាមួយមេដឹកនាំចំនួន១៧ និងមន្ត្រីថ្នាក់រដ្ឋមន្ត្រីជាង៣០រូប មកពីប្រទេសកោះនេះ។

ជាច្រើនឆ្នាំមកនេះ ប្រទេសកោះប៉ាស៊ីហ្វិក តែងតែត្រូវបានសហគមន៍អន្តរជាតិ បំភ្លេចចោលយ៉ាងងាយ ឬសូម្បីតែខ្សត់ខ្សោយ ដោយសារកម្លាំង និងសំឡេងរបស់ជាតិខ្សោយ។

លោក Wang Yi បានបញ្ជាក់បន្ថែមថា ប្រទេសចិន ក៏ជាប្រទេសកំពុងអភិវឌ្ឍផងដែរ ដូច្នេះហើយអាចយល់កាន់តែច្បាស់ អំពីស្ថានភាព តម្រូវការ និងក្តីកង្វល់ របស់ប្រទេសខ្នាតតូច និងមធ្យម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top