ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់ ៣៧នាក់ និងរបួសជាង ២០០នាក់ ក្នុងហេតុការណ៍ផ្ទុះឃ្លាំងផ្ទុក កុងតឺន័ររបស់បង់ក្លាដែស

ដាកា៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់ បានស្លាប់នៅក្នុងឃ្លាំងផ្ទុក កុងតឺន័រមួយនៅក្នុងស្រុក Chattogram របស់ប្រទេសបង់ក្លាដែស ចម្ងាយប្រហែល ២៤២គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីដាកា បានឆាបឆេះជាបន្តបន្ទាប់ ដោយការផ្ទុះកាលពីយប់ថ្ងៃសៅរ៍។

អគ្គីភ័យបានឆាបឆេះ ក្នុងធុងមួយដែលផ្ទុកសារធាតុគីមី នៅក្នុងទីធ្លាកុងតឺន័រ ដែលមានទីតាំងក្នុងក្រុង Sitakunda ជាយក្រុង Chattogram នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានរដ្ឋបាលស្រុក Mohammad Mominur Rahman បានប្រាប់កាសែតស៊ិនហួ តាមទូរស័ព្ទចល័តថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះ ដេប៉ូបានកើនឡើងដល់ ៣៧ នាក់កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពី “មនុស្ស ២៣ នាក់ផ្សេងទៀតបានស្លាប់ ដោយសាររបួសរបស់ពួកគេ” ។

លោកបានលើកឡើងថា យ៉ាងហោចណាស់ ២០០នាក់ផ្សេងទៀត បានរងរបួសដោយភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ដែលបានឆាបឆេះនៅម៉ោង ប្រហែល ៨ យប់ ម៉ោងក្នុងស្រុក (1400 GMT) ថ្ងៃសៅរ៍ នៅឯ BM Container Depot Ltd. ឯកជន ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា របស់ប្រទេសហូឡង់-បង់ក្លាដែស។

ជនរងគ្រោះទាំងអស់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលភាគច្រើនមានការ រលាកពីស្រាលទៅធ្ងន់ ហើយពួកគេមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីពន្លត់អគ្គិភ័យ បានព្រមានថា ចំនួនអ្នកស្លាប់ទំនងជា កើនឡើងបន្ថែមទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top