MELBOURNE ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា តម្លៃប្រេងបានកើនឡើង ច្រើនជាង២ដុល្លារ នៅក្នុងការជួញដូរដំបូង គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានតម្លើងតម្លៃយ៉ាងខ្លាំង សម្រាប់ការលក់ប្រេងឆៅ របស់ខ្លួននៅក្នុងខែកក្កដា ដែលជាសូចនាករ នៃការផ្គត់ផ្គង់ដ៏តឹងរ៉ឹង សូម្បីតែបន្ទាប់ពី អង្គការសម្ព័ន្ធ OPEC+ បានយល់ព្រមក្នុងការពន្លឿន ការកើនឡើងទិន្នផលរបស់ខ្លួនក្នុង រយៈពេលពីរខែបន្ទាប់ ។
អនាគតប្រេងឆៅ របស់សារជីវកម្ម Brent បានកើនឡើង ១.៨០ដុល្លារ ឬ១,៥ភាគរយ នៅតម្លៃ១២១.៥២ដុល្លារ ក្នុង១បារ៉ែលគិតត្រឹមម៉ោង ២៣និង១៩នាទីម៉ោងសកល បន្ទាប់ពីបានឈានដល់កម្រិតខ្ពស់ នៅថ្ងៃនេះគឺ១២១.៩៥ដុល្លារ ដែលបន្ថែមការកើនឡើង១,៨ភាគរយ កាលពីថ្ងៃសុក្រ ។
អនាគតប្រេងឆៅ របស់សាជីវកម្មអាមេរិក West Texas Intermediate (WTI) បានកើនឡើង១.៦៣ដុល្លារ ឬស្មើនឹង១,៤ភាគរយ នៅតម្លៃ១២០.៥០ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីឡើង ដល់កម្រិតខ្ពស់រយៈពេល៣ ខែ គឺ១២០.៩៩ដុល្លារ ។ ដែលផ្ទុយពីនេះគឺបានកើនឡើង១,៧ភាគរយ កាលពីថ្ងៃសុក្រ ។
ប្រទេសអារ៉ាប៊ីសាអូឌីត បានតម្លើងតម្លៃលក់ជា ផ្លូវការ (OSP) សម្រាប់ប្រេងឆៅ អារ៉ាប់ ធុនស្រាលរបស់ខ្លួនទៅកាន់ ទ្វីបអាស៊ីដល់តម្លៃ ៦.៥០ដុល្លារធៀបនឹងតម្លៃមធ្យម នៃប្រទេសអូម៉ង់ និងក្រុងឌូបៃ ដែលកើនឡើង ពីតម្លៃ៤.៤០ដុល្លារក្នុងខែមិថុនា ។ ក្រុមហ៊ុនផលិតប្រេងរដ្ឋ Aramco បានលើកឡើងកាលពីថ្ងៃអាទិត្យ ។
ការផ្លាស់ប្តូរនេះបានកើតឡើង បើទោះបីជាមានការសម្រេចចិត្ត កាលពីសប្តាហ៍មុនដោយអង្គការ នៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលរួមគ្នាហៅថា OPEC+ ដើម្បីបង្កើនទិន្នផលនៅក្នុងខែកក្កដា និងខែសីហា៦៤៨.០០០បារ៉ែលក្នុង១ថ្ងៃ ឬ ៥០ភាគរយ ច្រើនជាងការគ្រោងទុកពីមុនទៅទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា