ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្រីលង្កា ជួបជាមួយមន្ត្រី IMF ស្តីពីអស្ថិរភាពសេដ្ឋកិច្ច

កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានពិភាក្សាជាមួយនាយកគ្រប់គ្រង នៃមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី Kristalina Georgieva ជុំវិញវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ការពិភាក្សាដែលបានធ្វើឡើង កាលពីថ្ងៃអង្គារបានកើតមានឡើងនៅពេល ដែលប្រទេសស្រីលង្កា បានសម្រេចចិត្តស្វែងរកជំនួយរបស់ IMF ដើម្បីប្រឈមមុខនឹងវិបត្តិ ដែលកំពុងកើតមាន និងរៀបចំរចនាសម្ព័ន្ធបំណុល បរទេសរបស់ខ្លួនឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកការសងបំណុល ខាងក្រៅទាំងអស់កាលពីថ្ងៃទី១២ ខែមេសា។

ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នាយកគ្រប់គ្រង IMF បានសន្យាគាំទ្រដល់ប្រទេសស្រីលង្កា ក្នុងអំឡុងពេលដ៏លំបាក របស់ប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បច្ចុប្បន្នស្រីលង្កា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុតមួយរបស់ខ្លួន ខណៈដែលប្រទេសនេះប្រឈមមុខ នឹងការខ្វះខាតរូបិយប័ណ្ណបរទេស ដែលនាំឱ្យមានការខ្វះខាតការផ្គត់ផ្គង់សំខាន់ៗ រួមទាំងអាហារ ឱសថ និងប្រេងឥន្ធនៈ ។

គួរបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានលើកឡើងថា ជំនួយសេដ្ឋកិច្ចត្រូវបាន ស្វែងរកពីប្រទេសជាមិត្ត ក៏ដូចជា IMF ដើម្បីនាំសេដ្ឋកិច្ចត្រឡប់មកវិញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top