ព័ត៌មានអន្តរជាតិ

ប្រមុខការទូតកម្ពុជា-សិង្ហបុរី ជួបគ្នាផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់-អន្តរជាតិ ពិសេសបញ្ហាមួយចំនួន ធ្វើឲ្យតំបន់ទទួលរងសម្ពាធខ្លាំង (Video)

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីល្ងាចថ្ងៃទី៩ មិថុនា បានជួបពិភាក្សាជាមួយលោក វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាមួយចំនួនដែលធ្វើឲ្យតំបន់ទទួលរងសម្ពាធខ្លាំង ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ មិថុនានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា «ពិតជារីករាយណាស់ដែលបានជួប ឯកឧត្តម វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ហើយក៏ជាមិត្តល្អរបស់ខ្ញុំ ម្សិលមិញនៅសិង្ហបុរី ។ ខ្ញុំបានអរគុណគាត់ដែលបានរៀបចំ អាហារពេលល្ងាចដ៏ឆ្ងាញ់សម្រាប់ខ្ញុំ ភរិយា និងមន្ត្រីក្រសួងការបរទេសកម្ពុជា។ យើងក៏បានឆ្លៀតឱកាស ផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាមួយចំនួនដែលធ្វើឲ្យតំបន់យើងទទួលរងសម្ពាធខ្លាំង» ។

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដែលតែងតែគាំទ្រការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ព្រមទាំងការវាយតម្លៃដ៏ល្អ និងច្បាស់លាស់របស់លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី ៕

To Top