ព័ត៌មានអន្តរជាតិ

យូអិន ថ្កោលទោស​ការធ្វើឃាតបុគ្គលិក WHO នៅ​មីយ៉ាន់ម៉ា 

យូអិន៖ អង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការធ្វើឃាតបុគ្គលិករបស់អង្គការសុខភាពពិភពលោក (WHO) នៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ramanathan Balakrishnan អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យភាគី និងអ្នកពាក់ព័ន្ធទាំងអស់គោរពអព្យាក្រឹតភាពរបស់អង្គការសហប្រជាជាតិ និងមនុស្សធម៌ និងការពារសិទ្ធិ និងសុវត្ថិភាពរបស់ជនស៊ីវិល។

លោក Myo Min Htut ដែលធ្វើការឱ្យ WHO ជាអ្នកបើកបរអស់រយៈពេលជិត ៥ឆ្នាំ ត្រូវបានបាញ់សម្លាប់ពេលកំពុងជិះម៉ូតូរបស់លោកនៅទីក្រុង Mawlamyine ភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃពុធ។

កាលពីខែមេសា ឆ្នាំ២០២០ បុគ្គលិកម្នាក់របស់អង្គការសុខភាពពិភពលោកក៏ត្រូវបានសម្លាប់ផងដែរ ខណៈពេលកំពុងបើករថយន្តដឹកសំណាក កូវីដ-១៩ នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា៕ប្រែសម្រួល ឈូក បូរ៉ា

To Top