ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ បញ្ជាក់ពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាជុំថ្មីរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត

បាកដាដ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ាក់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាដោយផ្ទាល់ថ្មីរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុងបាកដាដ។

ក្រសួងការបរទេសអ៊ីរ៉ាក់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Hussein បានធ្វើការកត់សម្គាល់នៅក្នុង ការសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian។

ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលអ៊ីរ៉ាក់បានបញ្ជាក់ “ចេតនារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការបន្តសម្របសម្រួលកិច្ចចរចា ដោយផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ នៅទីក្រុងបាកដាដ ដើម្បីស្តារទំនាក់ទំនង ឱ្យមានភាពប្រក្រតីឡើងវិញ” ។

ដោយបានហៅការចរចាចុងក្រោយបំផុត ជាមួយអារ៉ាប៊ីសាអូឌីត នៅទីក្រុងបាកដាដថាជា “វិជ្ជមាន” លោក Amir-Abdollahian បានស្វាគមន៍ចំពោះការអនុវត្ត លទ្ធផលនៃការចរចា ហើយបានសរសើរតួនាទី របស់ក្រសួងការបរទេសអ៊ីរ៉ាក់ ក្នុងរឿងនេះ។

ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ទីក្រុងបាកដាដ បានរៀបចំកិច្ចចរចាផ្ទាល់ចំនួន ៤ជុំរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុន ហើយជុំទី៥ ត្រូវបានធ្វើឡើងនៅក្នុងខែមេសា ឆ្នាំនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top