ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង ក្នុងទំហំទឹកប្រាក់ជិត ១០០ពាន់ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា នៅក្នុងវេទិកាសេដ្ឋកិច្ច ដ៏ធំរបស់រុស្ស៊ី

បរទេស៖ វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៥ (SPIEF 2022) ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ក្នុងប្រទេសរុស្ស៊ី បានបណ្តាលឱ្យមានកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៥,៦ ពាន់ពាន់លានរូប្ល (៩៧ពាន់លានដុល្លារ) ដែលច្រើនជាងឆ្នាំមុន ៣០% (៣.៨ ពាន់ពាន់លានរូប្លែ)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចព្រមព្រៀងជាង ៦៩០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ៤ថ្ងៃ។
ទោះបីជាស្ថានការណ៍នយោបាយ តានតឹង ទាក់ទងនឹងប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដោយ ក៏មន្ត្រី និងអ្នកជំនួញមកពីជាង១៣០ប្រទេស បានចូលរួមក្នុងវេទិកាឆ្នាំនេះ រួមទាំងតំណាងមកពី ‘រដ្ឋមិនរួសរាយរាក់ទាក់’ ទាំងអស់ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី ផងដែរ។

កម្មវិធីធុរកិច្ចរបស់វេទិកានេះ រួមមានព្រឹត្តិការណ៍ចំនួន២១៤ ហើយផ្តោតលើបញ្ហាសេដ្ឋកិច្ច និងសង្គមរបស់រុស្ស៊ី និងសកលលោក និងបច្ចេកវិទ្យា។ ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីប ចិន និងកាហ្សាក់ស្ថាន បានចូលរួម នៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិការួមជាមួយនឹង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

យោងតាមលោក Anton Kobyakov ទីប្រឹក្សាលោក ពូទីន និងជាប្រធានគណៈកម្មាធិការរៀបចំ SPIEF វេទិកានេះបានបង្ហាញពី “អធិបតេយ្យភាពសេដ្ឋកិច្ច” របស់រុស្ស៊ី ខណៈពេលដែល បង្ហាញពីសារៈសំខាន់ នៃវេទិកានៅលើឆាកអន្តរជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top