ព័ត៌មានអន្តរជាតិ

រុស្ស៊ីបាញ់មីស៊ីល Kalibr ពីនាវាចម្បាំង សម្លាប់ឧត្តមសេនីយ៍ និងមន្រ្តីអ៊ុយក្រែនជាង ៥០នាក់

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាចម្បាំងបានបាញ់មីស៊ីល Kalibr បំផ្លាញមជ្ឈមណ្ឌលបញ្ជាមួយ ដោយបានសម្លាប់មន្ត្រីអ៊ុយក្រែន រាប់សិបនាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹង ដោយផ្អែកតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ីថា “ឧត្តមសេនីយ៍ និងមន្ត្រីជាង៥០នាក់ របស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ត្រូវបានសម្លាប់” ។

ការវាយប្រហារតាមអាកាស បានកើតឡើងនៅជិតភូមិ Shirokaya Dacha ក្នុងតំបន់ Dnepropetrovsk ។ ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារនេះ បានវាយប្រហារបរិវេណ ដែលមេបញ្ជាការនៃអង្គភាពអ៊ុយក្រែន ជាច្រើនបានប្រមូលផ្តុំគ្នា សម្រាប់កិច្ចប្រជុំមួយ។

ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា កាំជ្រួច Kalibr ក៏ត្រូវបានគេប្រើដើម្បីបំផ្លាញកាំភ្លើងធំ M777 ចំនួន១០គ្រឿង និងរថពាសដែកដល់ទៅ២០គ្រឿង ដែលទើបត្រូវបានបញ្ជូនពីលោកខាងលិច ហើយត្រូវបានរក្សាទុក នៅក្នុងអគាររោងចក្រមួយ នៅភាគខាងត្បូងទីក្រុង Nikolayev ៕

ប្រែសម្រួលៈ ណៃ តុលា

To Top