ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បញ្ហាទាំងក្នុង និងក្រៅប្រទេស កើតឡើងឥតឈប់ឈរ អ្នកនយោបាយអង់គ្លេស កុំចចេសក្បាល រឹងទៀតអី

កាលពីថ្ងៃទី១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការ សហភាពអឺរ៉ុប បានដាក់ពាក្យបណ្តឹង អំពីការល្មើស នឹងកិច្ចសន្យាដោយសាររដ្ឋាភិបាល អង់គ្លេស មិនគោរពខ្លឹមសារ មួយចំនួននៃ “ពិធីសារអៀរឡង់ ខាងជើង” ។ លោកស្រី Michelle O’Neil អនុប្រធានបក្ស Sinn Fin នៃអៀរឡង់ ខាងជើង ដែលផ្តួចផ្តើមគំនិត ជាប់រហូតឱ្យអៀរឡង់ខាងជើង “ដកខ្លួនចេញពី អង់គ្លេស” បានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាល អង់គ្លេសបានបង្កើនភាព មិននឹងនរ នៃស្ថានការណ៍នយោបាយ អៀរឡង់ ខាងជើង ។ នៅរយៈពេលពីរថ្ងៃមុន លោកស្រី Nicola Sturgeon ប្រធានរដ្ឋមន្ត្រី នៃរដ្ឋាភិបាលតំបន់ស្កុតឡេន បានប្រកាសថា មិនថា រដ្ឋាភិបាលអង់គ្លេស ឯកភាពគ្នាឬអត់ លោកស្រី នឹងជំរុញ ឱ្យស្កុតឡេន រៀបចំធ្វើការបោះឆ្នោតសកល ស្តីពីការដកខ្លួនចេញ ពីអង់គ្លេស ជុំថ្មីនៅឆ្នាំក្រោយ ។

“ពិធីសារអៀរឡង់ខាងជើង” ជាចំណែកមួយ នៃកិច្ចព្រមព្រៀង ស្តីពីការដកខ្លួនចេញ ពីសហភាពអឺរ៉ុប របស់អង់គ្លេស ។ យោងតាមកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអង់គ្លេសដកខ្លួន ចេញពីសហភាព អឺរ៉ុប តំបន់អៀរឡង់ខាងជើង នឹងស្ថិតក្នុងទីផ្សារតែមួយ របស់អឺរ៉ុបនិងសម្ព័ន្ធពន្ធគយ សហភាពអឺរ៉ុប ដើម្បីបង្ការ កុំឱ្យ លេចចេញ “ព្រំដែន”ផ្លូវគោកនៅកោះអៀរឡង់ ។ ប៉ុន្តែការចាត់ចែងបែបនេះ បណ្តាលឱ្យកើតមានប៉ុស្តិ៍ត្រួតពិនិត្យ រវាងតំបន់អៀរឡង់ ខាងជើង និងកោះចក្រភពអង់គ្លេស ហើយធ្វើឱ្យទំនាស់ រវាងបក្សពួក ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងអង់គ្លេស និងបក្ស ពួកចង់ដកខ្លួនចេញ ពីអង់គ្លេស របស់តំបន់ អៀរឡង់ខាងជើង មានភាពកាន់តែខ្លាំងឡើងៗ ។ កាលពីថ្ងៃទី១៣ខែមិថុនា លោកស្រី Elizabeth Truss រដ្ឋមន្ត្រីការបរទេស អង់គ្លេស បានដាក់ជូនរដ្ឋសភា នូវពង្រាងពិភាក្សា ដោយប្រកាសជាផ្លូវការ នូវផែនការជាក់ស្តែង ស្តីពីការធ្វើវិសោធនកម្ម ដោយឯកតោភាគីនូវខ្លឹមសារ មួយចំនួននៃ “ពិធីសារអៀរឡង់ខាងជើង” ហើយបានអះអាងថា ទង្វើនេះនឹងដោះស្រាយបញ្ហាជាក់ស្តែង ដែលពិធីសារបានបង្កឡើង នៅតំបន់អៀរឡង់ខាងជើង ។
ដូចការរំពឹងទុកថា សកម្មភាពឯកតោភាគី របស់រដ្ឋាភិបាលអង់គ្លេស បានរងការរិះគន់យ៉ាងខ្លាំង ពីសហភាពអឺរ៉ុប ដោយត្រូវចោទប្រកាន់ថា បានល្មើសនឹង “ច្បាប់អន្តរជាតិ” ។ កាសែត«The Guardian»បានលើកឡើងថា “ការបង្ករឿងហេតុយ៉ាងកម្រោល” របស់អង់គ្លេសប្រហែល នឹងបណ្តាលឱ្យកើត សង្គ្រាមពាណិជ្ជកម្ម រវាងអង់គ្លេស និងសហភាពអឺរ៉ុប ។ ការវិភាគ មួយចំនួន រហូតដល់សម្គាល់ថា ទង្វើរបស់ភាគីអង់គ្លេស នឹងបង្កជាផលប៉ះពាល់ អវិជ្ជមាន ចំពោះស្ថានការណ៍ នយោបាយ របស់អៀរឡង់ខាងជើង ដែលនឹងរំញោច និងបង្កើនមនោសញ្ចេតនា “ដកខ្លួនចេញពីអង់គ្លេស” នៃតំបន់អៀរឡង់ខាងជើង ។

អាចប៉ាន់ប្រមាណថា ប្រសិនបើរដ្ឋាភិបាល អង់គ្លេសធ្វើតាមតែទំនើងចិត្ត ដែលបំផ្លាញដល់ផលប្រយោជន៍យ៉ាងទូលំទូលាយរបស់តំបន់អៀរឡង់ខាងជើង នោះ មិនច្រានចោល លទ្ធភាពដែលបក្ស Sinn Fin ជំរុញរបៀបវារៈរៀបចំធ្វើការបោះឆ្នោតសកល អំពីការដកខ្លួនចេញ ពីអង់គ្លេសនោះទេ ។ ប៉ុន្តែដោយសារឋានៈដ៏រសើបនិងពិសេស របស់តំបន់ អៀរឡង់ខាងជើង អង់គ្លេសធ្វើអ៊ីចឹងប្រហែលនឹងនាំមកនូវ “ឥទ្ធិពលដូមីណូ” ។

តំបន់អៀរឡង់ខាងជើង ចង់ទទួលបានឯករាជ្យ ហើយតំបន់ស្កុតឡេន ចង់ធ្វើការបោះឆ្នោតសកល ប្រការទាំងនេះនាំឱ្យរដ្ឋាភិបាល អង់គ្លេស ដែលមានបញ្ហាជាច្រើនធ្លាក់ក្នុង ភាពជាប់គាំងបន្ថែមទៀត ។ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ ប្រហែលមានបំណង ចង់ផ្ទេរទំនាស់ក្នុងស្រុក ប្រហែលងប់ចិត្តក្នុងសុបិន “ចក្រភពអង់គ្លេស ” អ្នកនយោបាយអង់គ្លេស នៅតែខិតខំប្រឹងប្រែងបង្ហាញខ្លួន លើផ្ទៃអន្តរជាតិ ។ ទង្វើលាក់ពុតបែបនេះ គ្រាន់តែនឹងបន្ថែមរឿង កំប្លែងដល់ ពិភពលោក ប៉ុណ្ណោះទេ ។
បញ្ហាទាំងក្នុង និងក្រៅប្រទេស បានកើតឡើង ឥតឈប់ឈរ អ្នកនយោបាយអង់គ្លេស កុំចចេសក្បាលរឹងទៀតអី ឆាប់ដោះស្រាយបញ្ហា របស់ខ្លួនឯងសិន!
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top