ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនថា ខ្លួននឹងប្រយុទ្ធតទល់ ជាមួយរុស្ស៊ី ដោយប្រើប៉ែល ប្រសិនបើលោកខាងលិច មិនឱ្យអាវុធ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែននឹងបន្តប្រយុទ្ធ ជាមួយរុស្ស៊ី ទោះបីជាខ្លួនមិនមាន សព្វាវុធអ្វីក៏ដោយ ដូច្នេះលោកខាងលិច គួរតែពន្លឿន ការដឹកជញ្ជូន អាវុធរបស់ខ្លួនទៅកាន់ អ៊ុយក្រែន ឬទទួលខុសត្រូវ ចំពោះការស្លាប់ របស់ទាហានរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹង ដោយផ្អែកតាមលោក Kuleba បាននិយាយ ក្នុងបទសម្ភាសជាមួយនឹងទូរទស្សន៍ ARDថា «ប្រសិនបើយើងមិនទទួលបានអាវុធទេ បន្ទាប់មកយើង នឹងប្រយុទ្ធជាមួយប៉ែល ប៉ុន្តែយើងនឹងបន្តការពារខ្លួនឯង ព្រោះនេះជាសង្រ្គាម សម្រាប់ការរស់នៅរបស់យើង»។

លោកបានបន្ថែមថា «កាលណាយើងទទួលបានអាវុធ ឆាប់គេបញ្ជូនមកកាន់តែឆាប់ នោះពួកគេនឹងធ្វើឱ្យយើងកាន់តែល្អ។ ប្រសិនបើពួកគេមកយឺត យើងនឹងនៅតែអរគុណអ្នក ប៉ុន្តែវានឹងមានការខ្ជះខ្ជាយជាច្រើន ហើយមនុស្សជាច្រើន នឹងស្លាប់នៅពេលនោះ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top