ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ថ្កោលទោសប្រទេសអភិវឌ្ឍន៍ថា ខ្វះការទទួលខុសត្រូវចំពោះវិបត្តិជនភៀសខ្លួន

អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានរិះគន់ប្រទេសអភិវឌ្ឍន៍ថា ខ្វះការទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Erdogan បានឲ្យដឹងនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់សន្និសីទសភាសកល ស្តីពីការធ្វើចំណាក ស្រុកថា “បន្ទុកពិតប្រាកដនៃបញ្ហាចំណាកស្រុក និងជនភៀសខ្លួន ត្រូវបានយល់ឃើញដោយប្រទេស ដូចជាប្រទេសរបស់យើង ដែលជាអ្នកជិតខាងនៃតំបន់វិបត្តិ ហើយមិនមែនប្រទេសអភិវឌ្ឍន៍ ដែលស្រែកខ្លាំងៗនោះទេ”។

ប្រធានាធិបតីតួកគីបានលើកឡើងថា “យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ប្រទេសដែលមានប្រាក់ ចំណូលខ្ពស់ទទួលស្វាគមន៍ជនភៀសខ្លួនជាមធ្យម ២,៧ នាក់ក្នុង ១០០០ នាក់ ខណៈប្រទេសដែលមាន ចំណូលមធ្យម និងទាប ទទួលជនភៀសខ្លួន ៥,៨នាក់” ។

លោកបានបន្ថែមថា “អ្នកដែលធ្វើយុទ្ធនាការ ផ្សាយពាណិជ្ជកម្មក្នុងចំណោមជនភៀសខ្លួនពីរបីរយនាក់ ដែលពួកគេបានទទួលយកនោះ ពិតជាមិនទទួលខុសត្រូវចំពោះ វិបត្តិមនុស្សធម៌ដែលកាន់ តែធ្ងន់ធ្ងរឡើងនោះទេ”។

មេដឹកនាំតួកគីរូបនេះបានព្រមានថា បញ្ហាជនភៀសខ្លួនជាសាកល បានឈានដល់កម្រិតដែលមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។

ប្រទេសតួកគី ដែលជាប្រទេសមានប្រជាជន ៨៤ លាននាក់ បានទទួលជនភៀសខ្លួនជាង ៣,៦ លាននាក់ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាម ស៊ីវិលនៅប្រទេសស៊ីរីក្នុងឆ្នាំ ២០១១ នេះបើយោងតាមតួលេខផ្លូវ ការរបស់ទួរគី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top