ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “ប្រទេសប៉ិនកុហក” គឺជាក្ដីអាម៉ាស់ នៃអរិយធម៌របស់មនុស្សជាតិ

មុននេះមិនជាយូរប៉ុន្មាន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិន នៅសមាគមអាស៊ី នៃធនាគារគំនិតអាមេរិក ដោយបានឃោសនាបំប៉ោង ពីគោលនយោបាយ ទាំងក្នុងនិងក្រៅប្រទេសរបស់អាមេរិក ដូចជាការគំរាមកំហែងរបស់ចិន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងមួលបង្កាច់ ប្រទេសចិនជាដើម ។

យ៉ាងណាមិញ មិនថាសហរដ្ឋអាមេរិក ឃោសនាបំប៉ោងយ៉ាងណាក្តី ក៏វាសុទ្ធតែពិបាកនឹងលាក់បាំង ចេតនាពិតរបស់ខ្លួន ដែលប៉ុនប៉ងទប់ស្កាត់ និងគាបសង្កត់ដោយគ្រប់ជ្រុងជ្រោយ ចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ។ កាលពីយប់ថ្ងៃទី ១៩ ខែមិថុនា ក្រសួងការបរទេសចិន បានចេញផ្សាយអត្ថបទវែងមួយ ក្រោមចំណងជើងថា《ពាក្យសម្តីខុសទំនងនិងការពិតជាក់ស្តែង ក្នុងការយល់ដឹងចំពោះប្រទេសចិន របស់អាមេរិក》 អត្ថបទនេះប្រើប្រាស់ការពិត និងទិន្នន័យជាច្រើន ក្នុងន័យលាតត្រដាង ទៅកាន់ពិភពលោក នូវភាពបោកបញ្ឆោត ភាពលាក់ពុតនិងផលវិបាក នៃគោលនយោបាយពាក់ព័ន្ធ ប្រទេសចិនរបស់អាមេរិក ។

គួររំលឹកថា តើអ្នកណាបាននិងកំពុងបំផ្លិចបំផ្លាញ​ ដល់សណ្តាប់ធ្នាប់អន្តរជាតិ ? តើអ្នកណាបាននិងកំពុង ងប់ងល់នឹង “ការទូតបែបគំរាមកំហែង” ? តើអ្នកណាបាននឹងកំពុង រំលោភសិទ្ធិមនុស្ស នៅគ្រប់ទីកន្លែង ?ហើយតើអ្នកណាលួចស្តាប់ នៅទូទាំងពិភពលោកក្នុងរយៈពេលយូរ ? ទាក់ទិននឹងរឿងនេះ អត្ថបទវែងនេះបានរៀបរាប់ ពីពាក្យសម្តីខុសទំនងចំនួន ២១ នៃគោលនយោបាយ ពាក់ព័ន្ធប្រទេសចិន របស់អាមេរិក ព្រមទាំងបានប្រើការពិត និងទិន្នន័យលម្អិត ដើម្បីធ្វើឱ្យពិភពលោក មើលឱ្យបានច្បាស់ថា បើនិយាយដល់ប្រភពបង្កភាពវឹកវរធំបំផុត នៃរបៀបរៀបរយពិភពលោក អ្នករំលោភសិទ្ធិមនុស្សដ៏ធំបំផុត នៅលើពិភពលោក និង”ប្រទេសពួក Hacker “ដ៏ធំបំផុតនៅទូទាំងពិភពលោក”។ល។ ចម្លើយគឺ សហរដ្ឋអាមេរិកហ្នឹងឯង ។

ក្នុងនោះ អ្វីដែលហៅថា “ប្រទេសចិនបង្កជាបញ្ហាប្រឈម ដ៏តឹងរ៉ឹងបំផុតក្នុងរយៈពេលយូរ​ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ” ដែលបានប្រឌិត​ ដោយអ្នកនយោបាយអាមេរិក គឺជាពាក្យភូតកុហកដ៏អាក្រក់បំផុតមួយ រីឯពាក្យសម្តីដែលថា “អាមេរិកគាំពារច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងអន្តរជាតិ គោលការណ៍អន្តរជាតិ និងអង្គការអន្តរជាតិ” ពោលគឺ និយាយប្រែសឱ្យទៅជាខ្មៅទាំងស្រុង ។

សូមបញ្ជាក់ថា ក្នុងនាមជារដ្ឋសមាជិកមួយ ក្នុងចំណោមស្ថាបនិក របស់អង្គការសហប្រជាជាតិ ប្រទេសចិន ជាប្រទេសផ្តល់ប្រាក់ទុនធំទីពីរ ដល់សកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ និងជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដែលចាត់បញ្ជូនបុគ្គលិក រក្សាសន្តិភាពច្រើនបំផុត ។ ពីការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដល់ការលើកឡើង នូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល និងគំនិតផ្តួចផ្តើមសន្តិសុខជាសកល ប្រទេសចិន បាននិងកំពុងខំប្រឹងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាជាច្រើន ដែលពិភពលោកកំពុងប្រឈមមុខ ជាប់រហូតមក ក៏ដូចជាគាំពារយ៉ាងមុតមាំ នូវសណ្តាប់ធ្នាប់អន្តរជាតិផងដែរ ។

ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ ក្នុងនាមជាប្រទេសមួយ ដែលមានប្រវត្តិសាស្ត្រតែជាង ២៤០ ឆ្នាំ សង្គ្រាមដែលអាមេរិក បានបង្កឡើងនិងចូលរួមមាន ដល់ទៅជាង ២០០ លើក ។ គ្រាន់តែក្នុងចន្លោះ ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ កាលពីឆ្នាំ១៩៤៥ ដល់ឆ្នាំ ២០០១ ក្នុងចំណោមការប៉ះទង្គិច ដោយកម្លាំងអាវុធចំនួន ២៤៨ លើកក្នុងតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកក៏បានបំផុសចំនួន ២០១ លើក ។ មិនបាច់សង្ស័យឡើយ អាមេរិកគឺជាប្រទេស ដែលនិយមធ្វើសង្គ្រាមបំផុត នៅលើពិភពលោក ។

លើសពីនេះទៅទៀត “ពហុភាគីនិយមក្លែងក្លាយ” របស់សហរដ្ឋអាមេរិក ក៏បានលូតបាតដៃខ្មៅ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកទៀត ដែលបានបង្កើតនូវអ្វីដែលហៅថា “ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” ប៉ុនប៉ងបង្កើតជាក្បួនច្បាប់ពាណិជ្ជកម្ម ដែលដឹកនាំដោយអាមេរិក ដើម្បីបង្ខំឱ្យប្រទេស ក្នុងតំបន់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន ។ ក្របខណ្ឌនេះ ដែលកំណត់លើមូលដ្ឋាន នៃការស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន របស់អាមេរិក បានបង្កជាការរាំងស្ទះ ដល់ការស្តារសេដ្ឋកិច្ច ពិភពលោកឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

ដូច្នេះ អាចឃើញថា សហរដ្ឋអាមេរិកនិយាយតែមាត់ថា “គាំពារសណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍដោយសុខសន្តិភាព” ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់អាមេរិក បែរជាបានធ្វើផ្ទុយនឹងការបង្ហាញ អាកប្បកិរិយារបស់ខ្លួន ។ មិនថា សហរដ្ឋអាមេរិក ឃោសនាបំប៉ោងយ៉ាងណាក្តី ក៏នៅតែមិនអាចបិទបាំងការប៉ុនប៉ង ដ៏អាក្រក់របស់ខ្លួន ដែលចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន និងបណ្តាលឱ្យប្រជាជន នៅលើពិភពលោកបង់តម្លៃ ចំពោះ “អនុត្តរភាពបែបអាមេរិក” ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top