បច្ចេកវិទ្យា

ការទូទាត់​ តាមឧបករណ៍ ចល័ត បានជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងរួមចំណែក ក្នុងការស្តារ អភិវឌ្ឍន៍ជនបទចិន

ស្របនឹងការវិវឌ្ឍរីកចម្រើន នៃយុគសម័យការជួញដូរ និងការទូទាត់ក៏បានវិវត្តន៍ ពីដំណាក់កាល «យករបស់ដូររបស់» ដល់ការទូទាត់ ដោយសាច់ប្រាក់ ប័ណ្ណធនាគារ និងចុងក្រោយនេះ គឺឧបករណ៍ចល័តពិសេស គឺទូរស័ព្ទចល័ត ។

អំណាចទិញរបស់ប្រជាជន ជាកត្តាដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកម្រិត ជីវភាពរបស់ប្រជាជន ។ ប្រសិនជាប្រជាជន គ្មានលទ្ធភាពប្រើប្រាស់ នោះទីផ្សារនឹងទន់ខ្សោយ ហើយសេដ្ឋកិច្ចជាតិ ក៏នឹងចុះខ្សោយផងដែរ ។

អាស្រ័យហេតុនេះ ការលើកកម្ពស់អំណាចទិញ របស់ប្រជាជន គឺជាធាតុផ្សំដ៏សំខាន់មួយ នៃគោលនយោបាយ រំញោចសេដ្ឋកិច្ចជាតិ ។ យ៉ាងណាមិញ និយាយចំពោះប្រទេសចិន ដែលមានចំនួនប្រជាជន ១.៤០០ លាននាក់ ប្រសិនបើអំណាចទិញ របស់ប្រជាជនមានសន្ទុះខ្លាំង នោះទីផ្សារចិន នឹងប្រកប ដោយសុទិដ្ឋិនិយម តែផ្ទុយទៅវិញ ប្រសិនជាអំណាចទិញទន់ខ្សោយ ទីផ្សារដ៏ធំនឹងហាក់ ដូចជាឃ្លោកដែលធំ តែមាឌតែប្រហោងក្នុង ។

ជាក់ស្តែង ប្រទេសចិនបានក្តាប់ជាប់ឧត្តមភាព ខាងទ្រង់ទ្រាយ ទីផ្សាររបស់ខ្លួន ដោយខិតខំជំរុញ និងលើកកម្ពស់កម្រិត ប្រើប្រាស់របស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវិធីទូទាត់ ក៏កាន់តែមានភាពងាយស្រួល ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

ស្របនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ការទូទាត់តាមប្រព័ន្ធឌីជីថល របស់ចិនបានប្រសូត្រឡើង ដែលជាកិច្ចសម្រួលសម្រាប់ការទិញ ទំនិញតាមអនឡាញ នៅដើមទសវត្សរ៍ឆ្នាំ ៩០នៃសតវត្សរ៍មុន ហើយការទូទាត់ដោយឆូតប័ណ្ណ ធនាគារបានជំនួសឱ្យការទូទាត់ ដោយសាច់ប្រាក់ជាបណ្តើរៗ ។ លុះដល់ឆ្នាំ ២០០៨ ការទិញទំនិញ តាមអនឡាញនៅប្រទេសចិន ផ្តើមមាន សន្ទុះកើនឡើងយ៉ាងគំហុក ប្រជាពលរដ្ឋទទួលបានភាព ងាយស្រួលពីការទិញ ទំនិញតាមអនឡាញ និងការដឹកទំនិញ រហ័សដល់ផ្ទះ ទម្លាប់នៃការទិញ ទំនិញរបស់ប្រជាជនចិន ពិសេសគឺយុវជន បានផ្លាស់ប្តូរជាបណ្តើរៗ ពីការទិញទំនិញតាមហាង និងតាមផ្សារមកជាការទិញ ទំនិញតាមអនឡាញ ។

ប៉ុន្តែនិយាយចំពោះមនុស្សវ័យជរា ដែលមិនសូវ ចេះប្រើកុំព្យូទ័រ ការទូទាត់តាមបណ្តាញអ៊ីនធើណិត មិនបាននាំមកនូវ ភាពងាយស្រួលប៉ុន្មាន ជូនពួកគាត់នោះទេ ដូច្នេះសម្ព័ន្ធធនាគារចិននិងក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលធំៗ របស់ចិនបានសហការគ្នាបង្កើត នូវកម្មវិធីទូទាត់តាមឧបករណ៍ចល័ត ពិសេសគឺទូរស័ព្ទចល័ត ដែលបានផ្តល់ភាពងាយស្រួល ក្នុងការទូទាត់សម្រាប់ មនុស្សគ្រប់វ័យ ។

ស្របនឹងការពេញនិយម កាន់តែខ្លាំងឡើងៗ ចំពោះការទូទាត់តាមឧបករណ៍ចល័ត ហើយបានក្លាយទៅជាទម្លាប់ ទូទាត់ថ្មីរបស់ប្រជាជនទូទាំងប្រទេស គេសង្កេតឃើញថា នៅគ្រប់ទីកន្លែង ទូទាំងប្រទេសចិន មិនថាទីក្រុងទំនើប ឬទីជនបទដាច់ស្រយាល មិនថាការបរិភោគ អាហារនៅភោជនីយដ្ឋានធំៗ ឬហាងបាយតូចៗ មិនថាការទិញអីវ៉ាន់ នៅផ្សារទំនើបធំៗ ឬនៅតាមផ្សារបន្លែតូចៗ ឬតូបលក់តាមផ្ទះក្តី ការទូទាត់តាមរយៈការស្កន QR កូដគឺជារឿងដ៏ សាមញ្ញនិងជាទូទៅ ។ អាស្រ័យហេតុនេះ ជនជាតិចិននិយាយថា «នៅក្នុង ប្រទេសចិន មិនថាធ្វើដំណើរទៅទីណាក្តី ឱ្យតែមានទូរស័ព្ទចល័តមួយ ក៏គ្រប់គ្រាន់ហើយ មិនបាច់យកលុយកាក់ អីជាប់ខ្លួននោះទេ»។

យុគសម័យបានវិវត្តន៍ទៅមុខ ឥតឈប់ឈរ ការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ត្រូវបត់បែនទៅតាមចរន្ត នៃយុគសម័យដែរ កម្លាំងប្រកួតប្រជែង នៃសេដ្ឋកិច្ចប្រពៃណី បានចុះខ្សោយបន្តិចម្តងៗ ជាហេតុជំរុញឱ្យបណ្តាប្រទេសនានាលើពិភពលោក ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាជម្រើសថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងយុគសម័យនេះ ។

កាលពីអតីតកាល កសិផលនិងផលិតផល នៅតំបន់ជនបទដាច់ស្រយាល របស់ប្រទេសចិន ពិបាកក្នុងការដាក់លក់ ក្នុងទីផ្សារដោយសារតែបញ្ហាលំបាក ក្នុងការដឹកជញ្ជូននិងមិន សូវមានគេស្គាល់ ហើយត្រូវស្តុកទុក រហូតដល់ខូចគុណភាព ។ ប៉ុន្តែបន្ទាប់ពីការ វិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន ការទិញទំនិញ តាមអនឡាញមានប្រជាប្រិយភាពយ៉ាងខ្លាំង ប្រជាកសិករនៅទីជនបទឆ្ងាយៗ អាចផ្សាយផ្ទាល់លក់ផលិតផលរបស់ខ្លួន ហើយទូទាត់តាមប្រព័ន្ធទូទាត់ចល័ត កសិផលនិងផលិតផលថ្មីៗ និងស្រស់ៗរបស់ប្រជាកសិករ បានលក់ទៅគ្រប់ទីតំបន់នៅទូទាំងប្រទេស ដែលបានបង្កើនប្រាក់ចំណូល របស់ពួកគាត់ឱ្យមានជីវភាពសមរម្យ ។
ការជំរុញឱ្យផលិតផលកសិកម្ម មានទីផ្សារដើម្បីបង្កើន ប្រាក់ចំណូល របស់ប្រជាកសិករ ជាគោលនយោបាយពង្រឹង សមិទ្ធផលលុបបំបាត់ភាពក្រីក្រ របស់ប្រទេសចិន ពោល គឺធ្វើឱ្យកសិករ អាចដាំដុះដំណាំដោយពុំមានការព្រួយ បារម្ភពីរឿងគ្មានទីផ្សារ ដែលប្រការនេះបានរួម ចំណែកដល់ការស្តារអភិវឌ្ឍន៍ ជនបទ ហើយក្នុងនោះ ការទូទាត់តាមឧបករណ៍ចល័ត បានដើរតួនាទីជាភ្នាក់ងារសំខាន់ នៃការតភ្ជាប់ការជួញដូរផលិតផល រវាងទីក្រុងនិងជនបទ ។

និយាយពីផ្នែកមួយទៀត ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាលក៏អាចរកទិញ បានសម្ភារៈទំនើបតាមអនឡាញ ដោយមានការដឹកជញ្ជូន រហ័សដល់ផ្ទះ ដែលសម្រួលដល់ជីវភាព របស់ពួកគាត់ដោយមិនបាច់ធ្វើដំណើរផ្លូវឆ្ងាយ ទៅទិញនិងដឹកជញ្ជូនអីវ៉ាន់ ដោយខ្លួនឯងនោះឡើយ ។

តាមទិន្នន័យស្ថិតិឱ្យដឹងថា បច្ចុប្បន្នទៅទូទាំងប្រទេសចិន មានអ្នកប្រើប្រាស់ការទូទាត់ តាមឧបករណ៍ចល័តរហូតដល់ជិត ៩០០ លាននាក់ ដែលមានទំហំលើសពី ៤០០ ទី្រលានយាន់ប្រាក់ចិនក្នុងមួយឆ្នាំ បានរួមចំណែកយ៉ាងច្រើន ដល់ការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ។

ជាការ ពិតណាស់ ក្នុងបរិបទកូវីដ ការទូទាត់តាមឧបករណ៍ចល័ត បានដើរតួនាទីកាន់តែសំខាន់ ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ របស់ប្រជាជនចិន ពោលគឺការ ទូទាត់បែបនេះ បានចំណេញពេលច្រើន ដោយមិនបាច់រង់ចាំការអាប់លុយ និងកាត់បន្ថយយ៉ាងច្រើន នូវការប៉ះពាល់គ្នាក្នុងពេល ទូទាត់ដោយ សាច់ប្រាក់ អាចនិយាយ បានថា បច្ចេកវិទ្យាឌីជីថល បានផ្លាស់ប្តូរ បែបផែន រស់នៅរបស់ប្រជាជនចិន និងផ្លាស់ប្តូររូប មន្តអភិវឌ្ឍន៍ របស់ប្រទេសចិន ព្រមទាំងបាន បង្រួញ គម្លាតរវាងប្រជាជន នៅទីក្រុងនិងជនបទ ដើម្បីឆ្ពោះទៅរកវិបុលភាព រួមដែលជាទិសដៅការងារជាតិរយៈពេលវែង ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top