ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន៖ ការពង្រីកការតាំងទីលំនៅ របស់អ៊ីស្រាអែល បំផ្លាញដំណោះស្រាយរដ្ឋពីរ និងសន្តិភាព

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រឆាំងនឹងការពង្រីកការ តាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយលើកឡើងថា វានឹងធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់ដំណោះស្រាយរដ្ឋពីរ និងឱកាសនៃការបង្កើតសន្តិភាព។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន “នឹងមានឥទ្ធិពលមហន្តរាយលើ ការអនុវត្តគោលការណ៍នៃ ដំណោះស្រាយរដ្ឋទាំងពីរ និងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ”។

ការព្រមាននេះបានកើតឡើងបន្ទាប់ពី អង្គការតាំងទីលំនៅរបស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេគ្រោងនឹងសាងសង់ ប៉ុស្តិ៍តាំងទីលំនៅថ្មីចំនួន ១០ នៅតំបន់ West Bank មុនពេលដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងខែកក្កដា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អង្គការទាំងនេះដែលទទួលបាន ការគាំទ្រជាផ្លូវការពីរដ្ឋាភិបាលអ៊ីស្រាអែល បានផ្លាស់ប្តូរពីភាពជាបុគ្គលទៅជា ក្រុមទូលំទូលាយដែលមានរចនាសម្ព័ន្ធ និងប្រភពនៃមូលនិធិផ្ទាល់ខ្លួន” ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍បានចាត់ទុក រដ្ឋាភិបាលអ៊ីស្រាអែល “ទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ចំពោះការ តាំងទីលំនៅខុសច្បាប់ និងលទ្ធផលបំផ្លិចបំផ្លាញរបស់ខ្លួន លើដំណោះស្រាយនយោបាយនៃជម្លោះ និងសម្រាប់ការគំរាមកំហែងបំផ្ទុះ អំពើហិង្សានៅក្នុងតំបន់ទាំងមូល” ។

អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលជាង ៦០ម៉ឺន នាក់រស់នៅក្នុងតំបន់ West Bank និង East Jerusalem ជាកន្លែងដែលសកម្មភាព តាំងទីលំនៅរបស់អ៊ីស្រាអែល ត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់អន្តរជាតិ ៕

ប្រែសម្រួក ឈូក បូរ៉ា

To Top