ព័ត៌មានអន្តរជាតិ

ប្រធាន IMF មើលឃើញផ្លូវកាន់តែតូចចង្អៀត ដើម្បីចៀសវាងវិបត្តិសេដ្ឋកិច្ច របស់អាមេរិក

វ៉ាស៊ីនតោន៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា មានផ្លូវតូចចង្អៀតណាស់ ដើម្បីជៀសវាងពីការធ្លាក់ចុះ សេដ្ឋកិច្ចរបស់អាមេរិក ដោយគូសបញ្ជាក់ពី “ហានិភ័យធ្លាក់ចុះយ៉ាងសំខាន់”។

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថា “ដោយផ្អែកលើផ្លូវគោលនយោបាយ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ FOMC (គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ) ខែមិថុនា និងការកាត់បន្ថយការរំពឹងទុក នៃឱនភាពសារពើពន្ធ យើងរំពឹងថា សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ” ។

លោកស្រី Georgieva បានលើកឡើងថា IMF ជឿថាផ្លូវសម្រាប់អត្រាគោលនយោបាយ ដែលធនាគារកណ្តាល សហព័ន្ធបានផ្តល់សញ្ញា ដើម្បីទទួលបានអត្រាមូលនិធិ សហព័ន្ធយ៉ាងឆាប់រហ័សដល់ ៣,៥ ទៅ ៤ភាគរយ គឺជាគោលនយោបាយត្រឹមត្រូវ ដើម្បីកាត់បន្ថយអតិផរណា។

លោកស្រី Georgieva បានបន្ដថា “យើងដឹងហើយថា មានផ្លូវចង្អៀតមួយ ដើម្បីជៀសវាងវិបត្តិសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក យើងក៏ត្រូវទទួលស្គាល់ភាពមិនច្បាស់លាស់ នៃស្ថានភាពបច្ចុប្បន្ន” ។

ផ្ទាំងពាណិជ្ជកម្ម

ប្រធាន IMF រូបនេះបានបន្ថែមថា IMF យកចិត្តទុកដាក់ចំពោះហានិភ័យ នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ លោកស្រីបានលើកឡើងថា “យើងពិតជាបានឃើញហានិភ័យ ធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ និងជាពិសេសនៅឆ្នាំក្រោយ” ដោយកត់សម្គាល់ថា ភាពរង្គោះរង្គើសំខាន់ៗកំពុងជះឥទ្ធិពល ដល់សេដ្ឋកិច្ចពីជម្លោះរុស្ស៊ី-អ៊ុយក្រែន និងពីការចាក់សោរនៅក្នុងប្រទេសចិន។

ទន្ទឹមនឹងនេះ លោកស្រី Georgieva បានបន្ថែមថា សេដ្ឋកិច្ចចូលក្នុងដំណាក់កាលនៃ ការរឹតបន្តឹងនេះជាមួយនឹង តារាងតុល្យការសាជីវកម្ម និងគ្រួសារដ៏រឹងមាំ ហើយការសន្សំសំខាន់ៗដែលប្រមូលបានគឺជា “ខ្នើយ” ដែលផ្តល់នូវការលើកទឹកចិត្តមួយចំនួន សម្រាប់សេដ្ឋកិច្ច ដើម្បីដំណើរការ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top