ព័ត៌មានអន្តរជាតិ

G-7 យល់ស្របគ្នាថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិស្បៀងអាហារពិភពលោក

តូក្យូ៖ រដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រថា ការលុកលុយរបស់រុស្សីលើអ៊ុយក្រែនដែលជាកន្លែងមួយ របស់ពិភពលោក បានបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក នាពេលបច្ចុប្បន្ន។

 ក្រុមរដ្ឋមន្ត្រី G-7 “បានបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កំពុងធ្វើឱ្យអសន្តិសុខស្បៀង កាន់តែធ្ងន់ធ្ងរ រួមទាំងដោយការបិទសមុទ្រខ្មៅ ការទម្លាក់គ្រាប់បែក និងកំពង់ផែ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ កសិកម្មរបស់អ៊ុយក្រែន” ។ 

 បញ្ហាផ្គត់ផ្គង់ស្បៀងអាហារ ភាគច្រើនដោយសារតែការ បិទផ្លូវរបស់ទីក្រុងមូស្គូ ចំពោះការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែនតាមកំពង់ផែនៅសមុទ្រខ្មៅ បានជះឥទ្ធិពលអវិជ្ជមាន ដល់បណ្តាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលពឹងផ្អែកខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។

 សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រី “បានច្រានចោលការនិទានរឿងមិនពិត និងព័ត៌មានមិនពិតរបស់រុស្ស៊ី ស្តីពីការដាក់ទណ្ឌកម្ម” ដោយយោងទៅលើការអះអាង របស់ទីក្រុងមូស្គូ អំពីការខ្វះខាត ស្បៀងអាហារ ដែលបានបណ្តាលឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង ផ្តើមចេញពីទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់លើទីក្រុងមូស្គូ ដោយប្រទេស G-7 និងប្រទេសលោកខាងលិចផ្សេងទៀត។ 

 ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ ដែលត្រូវបានរៀបចំឡើង ជាទម្រង់កូនកាត់ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា ប្រទេសអាហ្វ្រិកមួយចំនួនជឿថា នេះជាការនិទានរឿងរបស់រុស្ស៊ី។

 លោក Hayashi បានលើកឡើងថា “យើងបានយល់ព្រមបង្ហាញយ៉ាងច្បាស់ថា (វិបត្តិស្បៀងអាហារ) គឺបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន” ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។

 នៅក្នុងជំនួបនោះ អ្នកការទូតកំពូល មកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប បានផ្តោតទៅលើ “ការទទួលខុសត្រូវរបស់រុស្ស៊ី សម្រាប់ការធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវវិបត្តិស្បៀងអាហារពិភពលោក ដែលជាលទ្ធផលនៃសង្គ្រាម”៕

To Top