ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និងអឺរ៉ុប ប្រកាសរួមគ្នាថា កិច្ចចរចានុយក្លេអ៊ែរ នឹងបន្ដក្នុងប៉ុន្មានថ្ងៃ ខាងមុខននេះ

តេអេរ៉ង់៖ អ៊ីរ៉ង់ និងសហភាពអឺរ៉ុប បានប្រកាសនៅកាលពីថ្ងៃសៅរ៍ អំពីការបន្តការចរចា ដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខ ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់។

ថ្លែងសុន្ទរកថា នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ដែលកំពុងបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប ប្រធានគោលនយោបាយការបរទេសលោក Josep Borrell បានលើកឡើងថា កិច្ចចរចានឹងចាប់ផ្តើមឡើងវិញ “យ៉ាងឆាប់រហ័ស” និង “ភ្លាមៗ” ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បី “ដោះស្រាយបញ្ចប់បញ្ហាចុងក្រោយ” ។

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា “កិច្ចពិភាក្សារវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងមិនប្រព្រឹត្តទៅនៅទីក្រុងវីយែននោះទេ ពីព្រោះពួកគេនឹងមិនស្ថិតក្នុងទម្រង់ P4+1” ដោយសំដៅលើចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា កិច្ចពិភាក្សា “ប្រហែលជានឹងធ្វើឡើងនៅកន្លែងណាមួយដែលនៅជិតឈូងសមុទ្រ និងជាពិសេសនៅក្នុងរដ្ឋឈូងសមុទ្រ”។

លោក Borrell បានបន្ថែមថា “យើងត្រូវបានគេរំពឹងថានឹងបន្តកិច្ចពិភាក្សានៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំបែកភាពជាប់គាំង។ វាមានរយៈពេលបីខែហើយ យើងត្រូវពន្លឿនការងារ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ចំពោះការសម្រេចចិត្តដែលបានធ្វើឡើង នៅក្នុងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top