ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ផ្តល់ឱ្យ តុលាការអន្តរជាតិ ICCនូវគោលបំណងថ្មី បន្ទាប់ពីភាពចម្រូងចម្រាស អស់រយៈពេល២០ឆ្នាំ

ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា រយៈពេល២ទសវត្សរ៍ដំបូងរបស់ខ្លួនបាននាំមកនូវការរិះគន់ និងភាពចម្រូងចម្រាស ប៉ុន្តែនៅគ្រាដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ (ICC)ប្រារព្ធខួបលើកទី២០របស់ខ្លួន សង្រ្គាមអ៊ុយក្រែន កំពុងផ្តល់កម្លាំងចិត្តជាថ្មីមួយដល់ស្ថាប័ននេះ ។

ចាប់តាំងពីការបង្កើតលក្ខន្តិកៈទីក្រុងរ៉ូមបានចូលជាធរមាន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ តុលាការឧក្រិដ្ឋកម្ម សង្គ្រាមអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោក មានកំណត់ត្រាមិនល្អ នៃការកាត់ទោសត្រឹមតែ៥ប៉ុណ្ណោះ ។

តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក៏ត្រូវបានចោទប្រកាន់ពីបទផ្តោត ទៅលើជនសង្ស័យអាហ្វ្រិក និងទទួលរងពីអវត្តមាននៃប្រទេសសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងអ៊ីស្រាអ៊ែល ។

ប៉ុន្តែវានៅតែជាតុលាការនៃជម្រើសចុងក្រោយ សម្រាប់ការចោទប្រកាន់ធ្ងន់ធ្ងរដូចជា អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងការឈ្លានពាន នៅគ្រាដែលរដ្ឋជាសមាជិកមិនអាច ឬមិនចង់កាត់ទោស ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋអាជ្ញា ICC លោក Karim Khan បានលើកឡើងថា ការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន បានធ្វើឱ្យសហគមន៍អន្តរជាតិដឹងពីសារៈសំខាន់នៃនីតិរដ្ឋ ។

លោក Khan បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “ប្រសិនបើយើងមិនប្រកាន់យកច្បាប់ថ្ងៃនេះទេ ខ្ញុំគិតថា មានសង្ឃឹមតិចតួចណាស់សម្រាប់ថ្ងៃស្អែក” ។

“ការយល់ឃើញដែលកំពុងរីកចម្រើននោះ ត្រូវបានបង្ហាញកាន់តែធ្ងន់ធ្ងរ ដោយសារតែព្រឹត្តិការណ៍នៃថ្ងៃទី២៤ ខែកុម្ភៈ និងព្រឹត្តិការណ៍នៅអ៊ុយក្រែន ហើយខ្ញុំគិតថា វាហួសពេលយូរហើយ” ។

តុលាការ ICC នឹងរៀបចំសន្និសីទខួបលើកទី២០ ពិសេសនៅថ្ងៃសុក្រ ដែលតុលាការនេះបានលើកឡើងថាជា “ឱកាសសម្រាប់ការឆ្លុះបញ្ចាំងពីរបៀបដែល ICC បានបំពេញតាមការរំពឹងទុក” ។ ហើយការរំពឹងទុកទាំងនោះ តែងតែមានកម្រិតខ្ពស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top