ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន កំណត់ពេលវេលា ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប្រាប់ប្រទេស G7

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទូចថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវតែបញ្ចប់នៅចុងឆ្នាំនេះ។ ថ្លែងទៅកាន់មេដឹកនាំ G7 កាលពីថ្ងៃចន្ទ លោក Zelensky ក៏បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងទីក្រុងមូស្គូថែមទៀតផងដែរ, នេះបើយោងតាម Reuters ដែលបានដកស្រង់សម្តីអ្នកការទូត EU ពីរនាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិក តាមរយៈតំណភ្ជាប់វីដេអូ លោក Zelensky តាមសេចក្តីរាយការណ៍ បាននិយាយថា កងទ័ពអ៊ុយក្រែននឹងមានពេលវេលាកាន់តែលំបាកក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី នៅពេលដែលលក្ខខណ្ឌរដូវរងាដ៏អាក្រក់បានកើតឡើង ជំរុញឱ្យ G7 ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់ជម្លោះនៅចុងឆ្នាំនេះ ខណៈពេលដែលអ៊ុយក្រែន ក៏ស្នើសុំប្រព័ន្ធការពារប្រឆាំងយន្តហោះ ក៏ដូចជាការធានាសន្តិសុខផងដែរ។

លោក Zelensky ក៏បានអង្វរករឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ីថែមទៀត និងទទូចថាវាចាំបាច់ “មិនបន្ថយសម្ពាធ” និងបន្តដាក់វិធានការដាក់ទណ្ឌកម្ម “ធ្ងន់” ៕ប្រែសម្រួលៈ ណៃ តុលា

To Top