ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ីប្រាប់អ៊ុយក្រែន ពីវិធីដែលបញ្ចប់ សង្គ្រាមបានលឿន

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើទីក្រុងគៀវ បញ្ជាឱ្យកងទ័ពរបស់ខ្លួន បញ្ឈប់អាវុធរបស់ពួកគេ ហើយបំពេញ តាមការ ទាមទាររបស់ទីក្រុងមូស្គូ នោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ទាំងមូលអាច នឹងត្រូវបញ្ចប់ នៅចុងបញ្ចប់នៃថ្ងៃនោះដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បាននិយាយដោយធ្វើអត្ថាធិប្បាយ លើការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ថា ជម្លោះត្រូវតែបញ្ចប់មុនរដូវរងា ដោយលោក Peskov ថា “ភាគីអ៊ុយក្រែន អាចបញ្ឈប់អ្វីៗ គ្រប់យ៉ាង មុនពេលចុងបញ្ចប់នៃថ្ងៃនេះ ។ ត្រូវតែមានបញ្ជា ឱ្យកងវរសេនាតូចជាតិនិយម និងទាហាន អ៊ុយក្រែន ដាក់អាវុធចុះ ។ លោក Peskov បាននិយាយថា ការទាមទាររបស់រុស្ស៊ី ក៏ត្រូវតែបំពេញបានដែរ” ។

លោក Peskov បានកត់សម្គាល់ថា “អ្វីៗផ្សេងទៀតគ្រាន់តែជាគំនិតរបស់ Zelensky” ដោយបន្ថែមថា ប្រតិបត្តិការពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងដំណើរការដូច ដែលបានគ្រោងទុក និងសម្រេចបាន នូវគោលដៅរបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top