ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលណាតូ ចាប់ផ្ដើមជាមួយនឹង ភាពចម្រូងចម្រាស និងជម្លោះផ្ទៃក្នុង

ម៉ាឌ្រីត៖ កិច្ចប្រជុំកំពូលឆ្នាំ២០២២ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានចាប់ផ្ដើមឡើងកាលពីថ្ងៃពុធ ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង នៃគោលនយោបាយសន្តិសុខ ដ៏ខ្លាំងក្លារបស់សម្ព័ន្ធភាពយោធា និងជម្លោះដ៏រ៉ាំរ៉ៃក្នុងចំណោម សមាជិករបស់ខ្លួន។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់សន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃពុធថា មេដឹកនាំបានសម្រេចចិត្ត “ផ្លាស់ប្តូរ និងពង្រឹង” សម្ព័ន្ធភាពនៅក្នុង “ពេលវេលាដ៏សំខាន់ សម្រាប់សន្តិសុខរបស់យើង” ។

ការសម្រេចចិត្តរួមមានការពង្រឹង ការការពារជួរមុខរបស់អង្គការណាតូ ការពង្រឹងក្រុមសមរភូមិនៃប្លុក នៅផ្នែកខាងកើតរបស់ខ្លួន និងបង្កើនចំនួនកងកម្លាំងត្រៀមខ្លួនខ្ពស់ដល់ជាង ៣០ម៉ឺននាក់ ដោយបន្ថែមថា មេដឹកនាំក៏បានយល់ព្រមលើ “កញ្ចប់ជំនួយដ៏ទូលំទូលាយ” សម្រាប់អ៊ុយក្រែនផងដែរ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ អង្គការណាតូ បានអញ្ជើញស៊ុយអែត និងហ្វាំងឡង់ ឱ្យចូលរួមសម្ព័ន្ធភាព បន្ទាប់ពីការសម្រេចចិត្តរបស់តួកគី ក្នុងការដកវេតូលើពាក្យសុំចូលជាសមាជិក របស់ប្រទេសទាំងពីរមួយថ្ងៃមុន។

មេដឹកនាំណាតូបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមថា “នៅក្នុងការចូលជាសមាជិក ណាមួយនៃសម្ព័ន្ធភាព វាមានសារសំខាន់ណាស់ដែល ការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់ របស់សម្ព័ន្ធមិត្តទាំងអស់ត្រូវបាន ដោះស្រាយយ៉ាងត្រឹមត្រូវ” ។

ដំបូងឡើយ តួកគីបាននឹងកំពុងរារាំង ការដេញថ្លៃសមាជិកភាពរបស់រដ្ឋ Nordic ដោយលើកឡើងពីទំនាក់ទំនង របស់ពួកគេជាមួយ គណបក្សពលករឃឺដ (PKK) និងអង្គភាពការពារប្រជាជនឃឺដ (YPG) របស់ប្រទេសស៊ីរី ដែលតួកគីដាក់ស្លាកថា ជាក្រុមភេរវករ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top