ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងយោធា រវាងចិន-អាមេរិក ទាមទារឲ្យមានភាពស្មោះត្រង់ និងការប្រឹងប្រែង ទៅវិញទៅមក

ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការអភិវឌ្ឍន៍ទំនាក់ទំនងយោធា នៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងថា “បច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងរវាង យោធាទាំងពីរគឺបើកចំហ និងគ្មានការរំខាន ហើយប្រទេសចិន បើកចំហចំពោះការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ”។

លោកបានបន្ដថា មួយរយៈកន្លងមកនេះ សហរដ្ឋអាមេរិក ដែលចេញពីចិត្តគំនិតនៃសង្រ្គាមត្រជាក់ បាននិងកំពុងអនុវត្តនយោបាយប្លុក ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិក បាននិងកំពុងរឹតបន្តឹង សម្ព័ន្ធភាពយោធាទ្វេភាគី ដោយភ្ជាប់កិច្ចព្រមព្រៀងយោធា រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ឬ AUKUS ដោយបានជ្រៀតជ្រែកយន្តការ Quad និងការពង្រឹងសម្ព័ន្ធ Five Eyes Alliance លោកថា សកម្មភាពបែបនេះ ច្បាស់ជាមានគោលដៅ ប្រឆាំងនឹងប្រទេសចិន។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទំនាក់ទំនងយោធាចិន-អាមេរិក ឥឡូវនេះស្ថិតនៅក្នុងចំណុចប្រសព្វដ៏សំខាន់ ហើយឆ្ពោះទៅមុខ យោធាទាំងពីរនឹងអនុវត្តការសន្ទនា និងការផ្លាស់ប្តូរជាបន្តបន្ទាប់។

លោកបានបន្ថែមទៀតថា “យើងជំរុញឱ្យភាគីអាមេរិក បោះបង់ចោលនូវសតិអារម្មណ៍សូន្យ នៃសង្គ្រាមត្រជាក់ និងចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងយោធា និងយោធា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top