ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីរុស្ស៊ី និងឥណ្ឌូនេស៊ី ជួបពិភាក្សាគ្នាជុំវិញស្ថានភាព នៅអ៊ុយក្រែន និងការផ្គត់ផ្គង់ស្បៀងអាហារ 

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី និងការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែន និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងជី ចំពេលមានកង្វះខាតស្បៀងអាហារជាសកល ។

នៅក្នុងអំឡុងពេលសន្និសីទរួមបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅវិមានក្រឹមឡាំង លោក ពូទីន បានថ្លែងថា លោកបានជម្រាបលោក Widodo យ៉ាងលម្អិតអំពីស្ថានភាពនៅអ៊ុយក្រែន ។

ថ្លែងអំពីអតុល្យភាពនៅក្នុងទីផ្សារម្ហូបអាហារពិភពលោក លោក ពូទីន បានចាត់ទុកបញ្ហានេះថា ជាបញ្ហាជាច្រើនឆ្នាំនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមិនទទួលខុសត្រូវនៅក្នុងប្រទេសលោកខាងលិចមួយចំនួន ។

គេបានដឹងថា រុស្ស៊ី បាននាំចេញគ្រាប់ធញ្ញជាតិច្រើនជាង៤៣លានតោនកាលពីឆ្នាំមុន ដែលក្នុងនោះមានស្រូវសាលីចំនួន ៣៣លានតោន ។ លោក ពូទីន បានថ្លែងថា ការប្រមូលផលល្អដែលអាចកើតមាននៅឆ្នាំនេះនឹងអនុញ្ញាតឱ្យរុស្ស៊ីលក់បានកាន់តែច្រើន ។

លោកបានបន្តថា ប្រទេសរុស្សី ក៏បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជី និងសម្ភារៈក្នុងបរិមាណគ្រប់គ្រាន់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសជាមិត្តដទៃទៀត ។

ផ្ទាំងពាណិជ្ជកម្ម

ទីបំផុត លោក ពូទីន បានសង្កត់ធ្ងន់លើ “សារៈសំខាន់នៃការស្ដារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានរំខានដោយការដាក់ទណ្ឌកម្ម (លើប្រទេសរុស្ស៊ី)” ។

លោក Widodo ដែលបានទៅបំពេញទស្សនកិច្ចនៅ គៀវ  មុនពេលធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ការដោះស្រាយដោយសន្តិវិធីនៃវិបត្តិអ៊ុយក្រែន ។

លោកបានថ្លែងថា “ខ្ញុំបានផ្ញើសារពីប្រធានាធិបតីអ៊ុយក្រែន គឺលោក Volodymyr Zelensky ទៅកាន់ប្រធានាធិបតី ពូទីនហើយបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្ញុំក្នុងការបង្កើតទំនាក់ទំនងរវាងមេដឹកនាំទាំង២”  ។

លោក Widodo បានកោតសរសើរថា លោក ពូទីន បានសន្យាសន្តិសុខស្បៀងអាហារ និងជីមិនត្រឹមតែពីរុស្ស៊ី ប៉ុណ្ណោះទេ ថែមទាំងមកពីអ៊ុយក្រែនទៀតផង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top