ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ ការធានាយូរ អង្វែងជាគន្លឹះ ក្នុងការបញ្ចប់កិច្ច ចរចានុយក្លេអ៊ែរ

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ការចរចាដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចទទួលបានជោគជ័យ ប្រសិនបើសហរដ្ឋអាមេរិក ផ្តល់ការធានាយូរអង្វែង សម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ច របស់ទីក្រុងតេអេរ៉ង់។

លោកបានសរសេរថា “ភាពប្រាកដនិយម របស់អាមេរិក និងការទទួលបានការធានា ស្ថិរភាពសម្រាប់ផលប្រយោជន៍ សេដ្ឋកិច្ចពេញលេញរបស់អ៊ីរ៉ង់ ពីកិច្ចព្រមព្រៀង អាចធ្វើឱ្យលទ្ធផល នៃការចរចាទទួលបានផ្លែផ្កា” ។

លោក Amir-Abdollahian បានលើកឡើងថា លោក Ali Bagheri Kani ដែលជាប្រធានអ្នកចរចា នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការសម្របសម្រួល ពេញលេញជាមួយលោក “បន្តការចរចាប្រកប ដោយសមហេតុផល និងសកម្មបំផុត សម្រាប់ការដកទណ្ឌកម្ម” ។

លោកបានបន្ថែមថា “យើងបន្តការខិតខំប្រឹងប្រែង របស់យើង ដោយកម្លាំង និងតក្កវិជ្ជា” ។ ការកត់សម្គាល់ របស់លោក Amir-Abdollahian បានធ្វើឡើងបន្ទាប់ពីកិច្ចចរចា ដោយប្រយោល រយៈពេលពីរថ្ងៃរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីដូហា ប្រទេសកាតា កាលពីដើមសប្តាហ៍នេះ ដែលបណ្តាល ឱ្យមិនមានកិច្ចព្រមព្រៀងណាមួយ ដើម្បីដោះស្រាយការខ្វែងគំនិត ដែលនៅសេសសល់ចំពេលកិច្ចខិត ខំប្រឹងប្រែងអន្តរជាតិ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)។

អ៊ីរ៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាច ពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការ ដកទណ្ឌកម្មលើប្រទេសនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពី JCPOA នៅក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោ ភាគីឡើងវិញលើប្រទេស អ៊ីរ៉ង់ ដែលជំរុញឱ្យអ្នកក្រោយបោះបង់ចោលការប្តេជ្ញាចិត្ត មួយចំនួននៅក្រោមកតិកាសញ្ញានេះ ៕ប្រែសម្រួល ឈូក បូរ៉ា

To Top