ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងរងគ្រោះ ក្រោមការដាក់ទណ្ឌកម្ម របស់ខ្លួនលើរុស្ស៊ី

ព្រុចសែល ៖ លោក Marinko Ogorec អ្នកវិភាគជនជាតិក្រូអាត បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួ កាលពីថ្ងៃអង្គារថា អឺរ៉ុប កំពុងរងទុក្ខ នៅក្រោមការដាក់ទណ្ឌកម្ម របស់ខ្លួនលើប្រទេសរុស្ស៊ី សម្រាប់សកម្មភាពយោធា របស់ខ្លួននៅក្នុង ប្រទេសអ៊ុយក្រែន។

លោក Ogorec បានលើកឡើងថា ប្រទេសរុស្ស៊ី ដែលជាប្រទេសដ៏ធំមួយ និងមានសក្តានុពល ក្នុងការទប់ទល់នឹងទណ្ឌកម្ម បានរៀបចំយ៉ាងល្អ សម្រាប់ការដាក់ទណ្ឌកម្ម របស់លោកខាងលិច ដោយលោកបានបន្ថែមថា ដោយសារអឺរ៉ុប ពឹងផ្អែកខ្លាំងលើ ថាមពលរបស់រុស្ស៊ី វាកំពុងរងទុក្ខ ក្រោមការដាក់ទណ្ឌកម្មរបស់ខ្លួន ។

លោកបានកត់សម្គាល់ថា “យើងទាំងអស់គ្នា មានអារម្មណ៍នេះ នៅលើកាបូបផ្ទាល់ ខ្លួនព្រោះតម្លៃឡើងថ្លៃ ជារៀងរាល់ថ្ងៃ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ដើម្បីកាត់បន្ថយការឡើងថ្លៃ នៃផលិតផលប្រេងឥន្ធនៈ រដ្ឋាភិបាលក្រូអាតកាលពីថ្ងៃច័ន្ទ បានពង្រីករយៈពេល ពីរសប្តាហ៍បន្ថែមទៀត លើតម្លៃប្រេងឥន្ធនៈលក់រាយ និងលក់ដុំ។ វិធានការ នេះត្រូវបានដាក់ឱ្យប្រើ ជាលើកដំបូង នៅថ្ងៃទី២០ ខែមិថុនា។

ផ្ទាំងពាណិជ្ជកម្ម

កាលពីខែមុន ការិយាល័យស្ថិតិក្រូអាត (CBS) បានឲ្យដឹងថា អត្រាអតិផរណា របស់ប្រទេសបានកើនឡើងដល់ ១០,៨ ភាគរយនៅក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៤ នៅពេលដែល CBS បានចាប់ផ្តើមវាស់តម្លៃទំនិញ និងសេវាកម្មសម្រាប់ ការប្រើប្រាស់ផ្ទាល់ខ្លួន។

លោក Ogorec អះអាងថា ទណ្ឌកម្មលើរុស្ស៊ីមិនទាន់ ដំណើរការរហូតមកដល់ពេលនេះ ហើយក៏មិនដំណើរការ ទៅថ្ងៃអនាគតដែរ។ លោកបានបន្ថែមថា នៅពេលដែលអឺរ៉ុប សម្រេចចិត្ត លើការដាក់ទណ្ឌកម្ម សំណួរហាក់ដូចជាថាតើរុស្ស៊ីអាចទ្រាំទ្របានយូរប៉ុណ្ណា។ ឥឡូវនេះសំណួរគឺថាតើអឺរ៉ុប នឹងស៊ូទ្រាំបានយូរប៉ុណ្ណា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top