ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ បង្ខំចិត្តជម្លៀសខ្លួន ចេញពីផ្ទះសម្បែង ខណៈគ្រោះទឹកជំនន់វាយប្រហារនៅភាគខាងជើង អូស្រ្តាលី

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលីបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃពុធនេះ ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគខាងជើងបន្ទាប់ពីបានបង្កជាគ្រោះទឹកជំនន់នៅក្នុងទីក្រុងស៊ីដនី ដែលបានលិចទឹកដល់សហគមន៍ ផ្លូវថ្នល់ និងស្ពាន ។

អាជ្ញាធររដ្ឋ New South Wales បានចេញការប្រកាសអាសន្នទឹកជំនន់ថ្មីនៅភាគខាងជើងនៃទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ហើយបានព្រមានថា ការកើនឡើងទឹកទន្លេដោយសារទឹកភ្លៀងនៅតែបង្កគ្រោះថ្នាក់នៅក្នុងផ្នែកខ្លះនៃទីក្រុងស៊ីដនី បើទោះបីជាភ្លៀងធ្លាក់ក្នុងទីក្រុងនេះថយចុះក្តី ។

លោក Dominic Perrottet នាយករដ្ឋមន្រ្តីនៃរដ្ឋនេះបានលើកឡើងថា “ព្រឹត្តិការណ៍នេះគឺនៅឆ្ងាយ” ។

ចាប់តាំងពីមានគ្រោះទឹកជំនន់បានចាប់ផ្តើមកាលពីចុងសប្តាហ៍មក សេវាសង្គ្រោះបន្ទាន់បានចេញបញ្ជាជម្លៀសពលរដ្ឋជាង ១០០នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

មនុស្សសរុបចំនួន៨៥.០០០នាក់ត្រូវបានប្រាប់ឱ្យចាកចេញពីផ្ទះរបស់ពួកគេភ្លាមៗ ឬត្រៀមខ្លួនដើម្បីចាកចេញជាបន្ទាន់ ដើម្បីកុំឱ្យពួកគេជាប់គាំងដោយការកើនឡើងនៃទឹកជំនន់ ។

នៅទូទាំងតំបន់ភាគខាងលិចនៃទីក្រុងស៊ីដនី ទន្លេបានបាក់ច្រាំងទន្លេ ហើយតំបន់ធំៗ ត្រូវបានប្រែក្លាយទៅជាបឹងក្នុងដី ដោយមានទឹកពណ៌ត្នោតមានភក់បានហូរចូលលិចដល់ផ្ទះសម្បែង ខណៈដែលកាត់ផ្តាច់ផ្លូវ និងស្ពាន ។

នាយករដ្ឋមន្ត្រី Anthony Albanese បានទៅទស្សនាតំបន់រងគ្រោះនៅថ្ងៃពុធនេះ ដោយសន្យាថា នឹងស្វែងរក “ដំណោះស្រាយរយៈពេលវែង” បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ជាច្រើននៅទូទាំងឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលីក្នុងរយៈពេល១៨ខែកន្លងមកនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top