ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី គ្រោងនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 និងរថក្រោះជាច្រើនគ្រឿង ទៅកាន់អ៊ុយក្រែន

បរទេស៖ ស្លូវ៉ាគី គ្រោងនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 និងរថក្រោះជាច្រើនគ្រឿង ទៅកាន់អ៊ុយក្រែន ចំណែកសាធារណរដ្ឋឆេក នឹងផ្តល់ជំនួយដល់ស្លូវ៉ាគី ក្នុងការល្បាតទឹកដីរបស់ខ្លួន រហូតដល់ទទួលបានយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ជំនួសយន្តហោះដែលផ្ទេរទៅឲ្យអ៊ុយក្រែន។

នាយករដ្ឋមន្រ្តីស្លូវ៉ាគី និងសាធារណរដ្ឋឆេក លោក Eduard Heger និង Petr Fiala បានឲ្យដឹងនៅក្នុងការផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ CT24 របស់សាធារណរដ្ឋឆេកបែបនេះ កាលពីថ្ងៃអាទិត្យ នៅក្នុងរបាយការណ៍របស់ Ukrinform ។

លោក Heger បានលើកឡើងថា ទីក្រុង Bratislava នឹងផ្ទេរយន្ដហោះចម្បាំងធុន MiG-29 របស់ខ្លួនទៅកាន់អ៊ុយក្រែន ហើយថែមទាំងបានលើកឡើងពីលទ្ធភាព នៃការបញ្ជូនរថក្រោះទៅកាន់ អ៊ុយក្រែនផងដែរ។

លោកថា “ប៉ុន្តែខ្ញុំមិនចង់ចូលទៅក្នុងព័ត៌មានលម្អិតទេ ព្រោះអ៊ុយក្រែនក៏បានសុំយើងមិនឲ្យ លម្អិតព័ត៌មានអំពីឧបករណ៍នេះដែរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Ukrinform។

លោកបានរំលឹកថា ទីក្រុង Bratislava កាលពីខែមិថុនាបានស្នើឱ្យទីក្រុង Prague ការពារដែនអាកាសរបស់ប្រទេសនេះ រហូតដល់ប្រទេសនេះទទួលបាន យន្តហោះចម្បាំង F-16 ដែលការដឹកជញ្ជូនកំពុងត្រូវបានពន្យារពេល។ លោក Heger បានកត់សម្គាល់ថា សាធារណរដ្ឋឆេក នឹងត្រូវការការគាំទ្រផ្នែកយោធា ពីសមភាគីឆេកពេញមួយឆ្នាំ។

លោក Fiala បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយ បែបនេះដល់ប្រទេសជិតខាងស្លូវ៉ាគី ហើយយន្តហោះរបស់ឆែកនឹងល្បាត ដែនអាកាសរបស់ស្លូវ៉ាគី ចាប់ពីខែកញ្ញា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top