ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន អះអាងថា ខ្លួនបានរារាំងការលុកលុយ របស់រុស្ស៊ី នៅសមរភូមិមុខនៅតំបន់ Donetsk

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា យោធាអ៊ុយក្រែនបាន លើកឡើងកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ អ៊ុយក្រែនបានរារាំងការរុលទៅមុខ ដ៏សំខាន់ណាមួយរបស់រុស្ស៊ី ទៅកាន់ភាគខាងជើងនៃតំបន់ Donetsk របស់ខ្លួន ប៉ុន្តែសម្ពាធកាន់តែខ្លាំងឡើងជាមួយនឹង ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាទៅលើទីក្រុង Sloviansk និងតំបន់ដែលមានប្រជាជនរស់នៅ ក្បែរនោះនៅតែបន្តកើតមានឡើង ។

គួរបញ្ជាក់ថា ប្រទេសរុស្សី និងក្រុមផ្តាច់ខ្លួនបានគ្រប់គ្រង ផ្នែកខាងត្បូងនៃខេត្ត Donetsk រួចហើយ នៅគ្រាដែលពួកគេបានបញ្ចប់ ការរឹបអូសយកតំបន់ Luhansk ដែលនៅជិតខាងកាលពីថ្ងៃអាទិត្យ ដោយមានប្រសិទ្ធភាពជាមួយនឹង ការដណ្តើមយកទីក្រុង Lysychansk ដែលភាគច្រើនឥឡូវនេះស្ថិតនៅ ក្នុងការបំផ្លិចបំផ្លាញ ។

ក្រុងម៉ូស្គូលើកឡើងថា ការបណ្តេញយោធាអ៊ុយក្រែន ចេញពីតំបន់ទាំង២ គឺជាចំណុចកណ្តាល នៃអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន ដែលជាការវាយលុករយៈពេលជាង ៤ខែ ដែលលោកខាងលិចហៅថា ជាសង្រ្គាមដែលមិនបង្កហេតុ ។

ខេត្ត Donetsk និង Luhansk រួមមាន Donbas ដែលជាតំបន់ឧស្សាហ៍កម្ម យ៉ាងធ្ងន់ធ្ងររបស់អ៊ុយក្រែន ដែលបានក្លាយជាសមរភូមិដ៏ធំបំផុត របស់អឺរ៉ុបអស់ជាច្រើនជំនាន់ ហើយដែលរុស្ស៊ី ចង់ដណ្ដើមការគ្រប់គ្រងសម្រាប់ អ្នកបំបែកខ្លួនដែលខ្លួនគាំទ្រ ។

នៅក្នុងកំណត់ត្រាពេលល្ងាច របស់ខ្លួនកាលពីថ្ងៃពុធ យោធាអ៊ុយក្រែនបានស្នើថា កងកម្លាំងរុស្ស៊ីកំពុងបង្កើនសម្ពាធ លើអ្នកការពារអ៊ុយក្រែន នៅតាមបណ្ដោយភាគខាងជើងនៃខេត្ត Donetsk ។

ក្នុងកំណត់ត្រាបានដាក់ថា កងកម្លាំងរុស្ស៊ីកំពុងទម្លាក់គ្រាប់បែក មកលើទីប្រជុំជនអ៊ុយក្រែនជាច្រើន ជាមួយនឹងអាវុធធុនធ្ងន់ ដើម្បីឱ្យកងកម្លាំងជើងគោក ឆ្ពោះទៅភាគខាងត្បូងចូលទៅក្នុងតំបន់ និងនៅជិតទីក្រុងស្លូវ៉ានីស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top