ព័ត៌មានអន្តរជាតិ

WHO៖ ករណីជំងឺអុតស្វាកំពុង រាតត្បាតខ្លាំងដល់ទៅជាង ៦.០០០ករណី ញុំាងឲ្យត្រូវបើកកិច្ចប្រជុំបន្ទាន់

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឲ្យដឹងថា ករណីជំងឺអុតស្វាមានជាង ៦.០០០ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៥៨ ក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ នឹងកោះប្រជុំគណៈកម្មាធិការ ដែលនឹងផ្តល់យោបល់លើការ ប្រកាសការផ្ទុះឡើងនៃ គ្រាអាសន្នសុខភាពសកល ដែលជាកម្រិតនៃការប្រកាសអាសន្ន ខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក នៅសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី១៨ ខែកក្កដា ឬឆាប់ជាងនេះ អគ្គនាយក Tedros Adhanom Ghebreyesus បានប្រាប់ដល់សន្និសីទសារព័ត៌មាន និម្មិតមួយពីទីក្រុងហ្សឺណែវ ។

នៅក្នុងកិច្ចប្រជុំមុនរបស់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា គណៈកម្មាធិការបានសម្រេចថា ការផ្ទុះឡើងដែលបានឃើញ ករណីកើនឡើងទាំងនៅក្នុង បណ្តាប្រទេសអាហ្វ្រិកដែលវារីករាលដាល និងជាសកល មិនទាន់ជាគ្រាអាសន្ន ផ្នែកសុខភាពនៅឡើយ ។

លោក Tedros បានថ្លែងថា “ខ្ញុំបន្តមានការព្រួយបារម្ភចំពោះទំហំ និងការរីករាលដាលនៃ មេរោគនៅទូទាំងពិភពលោក” ដោយបន្ថែមថា កង្វះការធ្វើតេស្តមានន័យថា ទំនងជាមានករណីជាច្រើនទៀត ដែលមិនត្រូវបានរាយការណ៍ឲ្យដឹង ។

គាត់បានថ្លែងថា ប្រហែល ៨០ភាគរយ នៃករណីគឺនៅអឺរ៉ុប ។

ជំងឺអុតស្វា ដែលជាភាសាអង់គ្លេសគេហៅថា Monkeypox ដែលជាការឆ្លងមេរោគស្រាលជាធម្មតា ដែលបណ្តាលឱ្យមានរោគសញ្ញា ដូចជំងឺគ្រុនផ្តាសាយ និងដំបៅស្បែកបានរីករាលដាល ពាសពេញពិភពលោក តាំងពីដើមខែឧសភាមកម្ល៉េះ ។

អត្រាស្លាប់នៅក្នុងការផ្ទុះពីមុន នៅទ្វីបអាហ្រ្វិកនៃមេរោគដែល កំពុងរីករាលដាលនាពេលបច្ចុប្បន្ននេះ គឺមានប្រហែល ១ភាគរយ ប៉ុន្តែរហូតមកដល់ពេលនេះការផ្ទុះនេះ ហាក់ដូចជាមិនសូវមានអ្នកស្លាប់នៅ ក្នុងប្រទេសដែលមិនឆ្លងរាតត្បាតខ្លាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top