ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ខ្លួនបានកម្ទេចចោលប្រព័ន្ធរ៉ុក្កែត HIMARS ផលិតដោយអាមេរិក ប្រើដោយយោធាអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានបំផ្លាញគ្រាប់រ៉ុក្កែត ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរ នៅក្នុងតំបន់ Donbass ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ឲ្យ ទីក្រុងគៀវនូវប្រព័ន្ធរ៉ុក្កែតចល័ត (HIMARS) ចំនួន៨ និងគ្រាប់រំសេវ ចាប់តាំងពីការចាប់ផ្តើមនៃ ការវាយលុករបស់យោធារុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ របស់មន្ទីរបញ្ចកោណដែលបាន ចេញផ្សាយកាលពីថ្ងៃអង្គារ។

យោធារុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងតំបន់នៃការតាំងទីលំនៅរបស់ Malotaranovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk កាំជ្រួចបាញ់តាមអាកាសដែលមាន ភាពជាក់លាក់ខ្ពស់បានបំផ្លាញប្រព័ន្ធរ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួន២ និងឃ្លាំងរំសេវចំនួនពីរសម្រាប់ពួកគេ” ។

កាលពីចុងខែមិថុនា សាធារណរដ្ឋប្រជាមានិត Lugansk (LPR) បាននិយាយថា ប្រព័ន្ធរ៉ុក្កែត M142 HIMARS ត្រូវបានប្រើប្រាស់ដោយ កងកម្លាំងអ៊ុយក្រែននៅ Donbass ដែលជាលើកទីមួយហើយដែលអាជ្ញាធរ ក្នុងតំបន់បានរាយការណ៍ថា ប្រព័ន្ធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top