ព័ត៌មានអន្តរជាតិ

ក្នុងពេលកំពុងមានវិបត្ដិ ប្រធានាធិបតីស្រីលង្កា ស្នើសុំឥណទានប្រេងឥន្ធនៈពីលោក ពូទីន

កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃពុធ បានទូរស័ព្ទទៅកាន់មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងបានស្នើសុំឥណទានប្រេងឥន្ធនៈផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Rajapaksa បានលើកឡើងថា លោកមានសន្និសីទតាមទូរស័ព្ទប្រកបដោយផលិតភាពជាមួយលោក ពូទីន។ ក្នុងអំឡុងការអំពាវនាវនេះ លោក Rajapaksa បានថ្លែងអំណរគុណ ចំពោះលោក ពូទីន សម្រាប់ការគាំទ្រដែលបានពង្រីកដោយរដ្ឋាភិបាលរុស្ស៊ី ដើម្បីជម្នះបញ្ហាប្រឈមនាពេលកន្លងមក។

លោក Rajapaksa បានលើកឡើងថា “ខ្ញុំបានស្នើសុំការផ្តល់ជូនការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលឥន្ធនៈទៅកាន់ប្រទេសស្រីលង្កា ក្នុងការយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ន” ។

មេដឹកនាំស្រីលង្កាក៏បានស្នើសុំសមភាគីរុស្ស៊ីឱ្យបន្តប្រតិបត្តិការ Aeroflot នៅក្នុងប្រទេសស្រីលង្កាផងដែរ។ លោកបានបន្ថែមថា “យើងបានឯកភាពជាឯកច្ឆ័ន្ទថា ការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ គឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹងចំណងមិត្តភាពប្រជាជាតិយើងទាំងពីរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top