ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ជំរុញ​ឲ្យ​អាមេរិក ជ្រើសរើសរវាង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬការទទូចលើការ ទាមទារឯកតោភាគី

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានស្នើឱ្យសហរដ្ឋអាមេរិកជ្រើសរើសរវាងការទទួលយកកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងបន្ត ឬទទូចលើការទាមទារឯកតោភាគីរបស់ខ្លួន។

លោក Amir-Abdollahian បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell កាលពីយប់ថ្ងៃអង្គារថា “កិច្ចព្រមព្រៀងអាចធ្វើទៅបានដោយផ្អែកលើការយល់ដឹង និងផលប្រយោជន៍ទៅវិញទៅមក”។

លោកបានបន្ដថា “យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងដ៏រឹងមាំ និងយូរអង្វែង” ដោយទទូចថាសហរដ្ឋអាមេរិក “ត្រូវតែសម្រេចចិត្តថាតើខ្លួនចង់បានកិច្ចព្រមព្រៀង ឬទទូចឱ្យប្រកាន់ខ្ជាប់នូវការទាមទារឯកតោភាគីរបស់ខ្លួន”។

ការសន្ទនារវាងទីក្រុងតេអេរ៉ង់ និងក្រុងប្រ៊ុចសែលបានធ្វើតាមការប៉ុនប៉ងនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងជុំថ្មីនៃកិច្ចចរចាដោយប្រយោលជុំវិញការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

ក្រុង​តេអេរ៉ង់ និង​ក្រុង​វ៉ាស៊ីនតោន បាន​ជួប​ពិភាក្សា​ដោយ​ប្រយោល​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋធានី​ដូហា​ប្រទេស​កាតា។ អ្នកសម្របសម្រួលសហភាពអឺរ៉ុបសម្រាប់កិច្ចចរចានៅទីក្រុងវីយែន លោក Enrique Mora បានសម្រុះសម្រួលការចរចាដើម្បីស្តារ JCPOA ឡើងវិញដោយមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចបន្ទាប់ពីពីរថ្ងៃ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយបណ្តាប្រទេសធំៗក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះយ៉ាងណាក៏ដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ការប្តេជ្ញាចិត្តមួយចំនួននៅក្រោមកតិកាសញ្ញានេះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top