ព័ត៌មានអន្តរជាតិ

អ្នកទោសយ៉ាងតិច ៣០០ នាក់ បានរត់គេចខ្លួន បន្ទាប់ពី ការវាយប្រហារដោយប្រដាប់អាវុធ លើពន្ធនាគារក្នុងរដ្ឋធានី នីហ្សេរីយ៉ា

អាប៊ូចា៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អ្នកទោសយ៉ាងហោចណាស់ ៣០០ នាក់កំពុងរត់គេចខ្លួន ខណៈអ្នកទោសម្នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបានរងរបួសអំឡុងពេលមានការវាយប្រហារកាលពីថ្ងៃអង្គារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលើពន្ធនាគារក្នុងទីក្រុងអាប៊ូចា រដ្ឋធានីនៃប្រទេសនីហ្សេរីយ៉ា។

លោក Shuaibu Begore លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា អ្នកវាយប្រហារបានសម្រុកចូលមជ្ឈមណ្ឌលឃុំឃាំងក្នុងតំបន់ Kuja ភាគនិរតីនៃទីក្រុងអាប៊ូចា កាលពីយប់ថ្ងៃអង្គារ ដោយបានដោះលែងអ្នកទោសប្រហែល ៦០០នាក់ ប៉ុន្តែពាក់កណ្តាលនៃចំនួនអ្នកទោសដែលរត់គេចខ្លួនត្រូវបានចាប់ខ្លួនឡើងវិញរហូតមកដល់ពេលនេះ។

លោក Begore បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលនេះកាលពីថ្ងៃពុធថា អ្នកទោសម្នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលនៃការវាយប្រហារនេះ ដែលត្រូវបានគេសង្ស័យថាធ្វើឡើងដោយពួកសកម្មប្រយុទ្ធនៃក្រុមជ្រុលនិយម Boko Haram ។

លោកបានបន្ដថា អ្នកទោសសរុបចំនួន ៩៩៤ នាក់ រួមទាំងអ្នកឃុបឃិត Boko Haram ដែលត្រូវបានកាត់ទោស និងមន្ត្រីសាធារណៈ ដែលមានឋានៈខ្ពស់ដែលកំពុងត្រូវបានកាត់ទោស ឬត្រូវបានកាត់ទោសរួចហើយនោះ បានស្ថិតនៅកន្លែងមុនការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ។

លោកបន្ថែមថា “យើងយល់ថាពួកគេជាភេរវករបូកូហារ៉ាម ហើយមកជាពិសេស សម្រាប់អ្នកឃុបឃិតរបស់ពួកគេ។ ពួកគេជាច្រើនត្រូវបានបញ្ជូនមកវិញ ខ្លះត្រូវបានគេយកមកវិញពីគុម្ពោតព្រៃ ដែលពួកគេលាក់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Abubakar Umar អ្នកនាំពាក្យជាតិសម្រាប់សេវាកែតម្រូវនីហ្សេរីយ៉ា (NCS) បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានវាយបកដោយជោគជ័យដោយភ្នាក់ងារសន្តិសុខ៕ប្រែសម្រួល ឈូក បូរ៉ា

To Top