ព័ត៌មានអន្តរជាតិ

ចិន អូស្ត្រាលី ព្រមព្រៀងគ្នា ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ឡើងវិញ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ព្រមជាមួយនឹងសមាភាគីខាងអូស្ត្រាលីលោកស្រី Penny Wonng បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការដកចេញនូវឧបសគ្គនានាដែលបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី នាពេលកន្លងមកឲ្យចូលមកផ្លូវល្អសាជាថ្មី។កិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើងនៅក្នុងជំនួបគ្នា រវាងមេដឹកនាំទាំងពីរ នៅឯកោះបាលីប្រទេសឥណ្ឌូនេស៊ីក្នុងឱកាសនៃជំនួបពិភាក្សាមេដឹកនាំ G20ថ្នាក់រដ្ឋមន្ត្រីការបរទេស។

លោក Wang បានថ្លែងថាទំនាក់ទំនងចិននិងអូស្ត្រាលី គឺកំពុងប្រឈមមុខទៅនឹងការប្រកួតប្រជែង និងទាំងឱកាសផងដែរហើយការអភិវឌ្ឍនានាគួរតែធ្វើឡើង ដើម្បីជាប្រយោជន៍រវាងភាគីទាំងពីរ និងពលរដ្ឋរបស់ពួកគេរៀងខ្លួន ដើម្បីធានាដល់សុខសុវត្ថិភាពនិងសន្តិភាពផងព្រមទាំងស្ថេរភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលតែម្តង។

លោក Wang បានបន្តទៀតថា៖ ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ភាគីចិនមានឆន្ទៈក្នុងការពិនិត្យមើលឡើងវិញ និងកំណត់ទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យចិនអូស្ត្រាលី ត្រឡប់មករកផ្លូវដ៏ត្រឹមត្រូវវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top