ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីស្ដីទីស្រីលង្កា ប្រកាសដាក់បំរាមគោចរនៅទូទាំងប្រទេស

កូឡុំបូ៖ ប្រធានាធិបតីស្តីទីរបស់ស្រីលង្កា Ranil Wickremesinghe កាលពីថ្ងៃពុធបានប្រកាសបម្រាមគោចរទូទាំងប្រទេសមានប្រសិទ្ធភាពរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បទបញ្ជានេះ ហាមបុគ្គលណាម្នាក់នៅលើផ្លូវសាធារណៈ ផ្លូវរថភ្លើង សួនសាធារណៈ កន្លែងកំសាន្តសាធារណៈ ឬទីសាធារណៈផ្សេងទៀត ឬមាត់សមុទ្រនៅតំបន់នោះរហូតដល់ម៉ោង ៥ព្រឹកថ្ងៃព្រហស្បតិ៍ លើកលែងតែស្ថិតនៅក្រោមអំណាចនៃលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរដែលផ្តល់ដោយអាជ្ញាធរពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ លោក Wickremesinghe កាលពីថ្ងៃពុធបានជូនដំណឹងដល់ប្រធានសភា Mahinda Yapa Abeywardena ឱ្យតែងតាំងនាយករដ្ឋមន្ត្រីដែលអាចទទួលយកបានទាំងរដ្ឋាភិបាល និងគណបក្សប្រឆាំង។

ក្រុមអ្នកតវ៉ាបានឡោមព័ទ្ធ និងចូលទៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យលោកប្រធានាធិបតីលោក Gotabaya Rajapaksa និងលោក Wickremesinghe ចុះចេញពីតំណែង។

គួរបញ្ជាក់ងា លោក Rajapaksa ដែលបានចាកចេញទៅកាន់ប្រទេសម៉ាល់ឌីវកាលពីព្រឹកថ្ងៃពុធ ត្រូវបានគេរំពឹងថានឹងប្រគល់ការលាលែងពីតំណែងប្រធានាធិបតីនៅពេលក្រោយក្នុងថ្ងៃចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top