ព័ត៌មានអន្តរជាតិ

ទាហាន អាមេរិក បន្តរត់ពន្ធប្រេងស៊ីរី ចូលអ៊ីរ៉ាក់

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានរត់ពន្ធរថយន្តដឹកប្រេងចំនួន ៤០គ្រឿងពីប្រទេសស៊ីរីភាគឦសាន ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍។

របាយការណ៍ បានឲ្យដឹងថា ប្រេងនេះត្រូវបាន យកពីតំបន់ Rmailan ក្នុងខេត្ត Hasaka ភាគឦសាន ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សារព័ត៌មាន SANA បានបន្ថែមថា ក្បួនរថយន្តរបស់សហរដ្ឋអាមេរិក ដែលអមដោយរថពាសដែក ក៏បានដឹកជញ្ជូនទំនិញសព្វាវុធពីទីក្រុង Hasakah ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ តាមរយៈការឆ្លងកាត់ខុសច្បាប់ផងដែរ។

រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់កងកម្លាំងអាមេរិក ម្តងហើយម្តងទៀតថា បានលួចប្រេងស៊ីរី និងដកហូតធនធានផ្ទាល់ខ្លួនរបស់ពួកគេ ចំពេលមានស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ ដែលបណ្តាលមកពីទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានបង្កើតមូលដ្ឋានផ្សេងៗ ក្នុងតំបន់សម្បូរប្រេង ក្នុងទីក្រុង Hasakah ហើយបានគ្រប់គ្រងតំបន់ប្រេង និងឧស្ម័ននៅទីនោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top