ព័ត៌មានអន្តរជាតិ

លោក Li Keqiang នាយករដ្ឋមន្រ្តីចិន ជួបពិភាក្សាការងារ ជាមួយលោក Schwab ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

នៅយប់ថ្ងៃទី ១៩ ខែកក្កដា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាជាមួយលោក Klaus Schwab ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក នៅវិមានសភាប្រជាជនតាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងកិច្ចជំនួប លោក Li Keqiang បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងវេទិកាសេដ្ឋកិច្ចពិភពលោក មានរយៈពេលជាង ៤០ ឆ្នាំមកហើយ ពោលគឺវាស្ទើរតែដើរទន្ទឹមគ្នា ជាមួយដំណើរកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិន។

ប្រទេសចិនសូមវាយតម្លៃខ្ពស់ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន។

ការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ មានអំណោយផលដល់ការបញ្ចេញសញ្ញាវិជ្ជមាន ទៅកាន់ពិភពលោក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ របស់ប្រជាជន។ លោក Li Keqiang បានលើកឡើងទៀតថា មិនថាស្ថានការណ៍អន្តរជាតិ ប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិននឹងប្រកាន់ខ្ជាប់ ដោយមិនងាករេនូវគោលនយោបាយជាតិ ជាមូលដ្ឋានស្តីពីការបើកចំហ ចំពោះបរទេស ហើយមានឆន្ទៈពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង ជាមួយភាគីនានា ដើម្បីបង្កលក្ខណៈសម្បត្តិល្អប្រសើរ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះឈ្នះ។

ជាការឆ្លើយតប លោក Schwab បានថ្លែងថា វេទិកាសេដ្ឋកិច្ចពិភពលោក បានរក្សាភាពជាដៃគូល្អ ជាមួយប្រទេសចិនក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ។ បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខ នឹងវិបត្តិនិងបញ្ហាប្រឈមជាច្រើន វេទិកាសេដ្ឋកិច្ចពិភពលោក មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ក្នុងន័យជំរុញកិច្ចសន្ទនាសកល ជំរុញឱ្យវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មដើរតួនាទីសំខាន់ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការឆ្លើយតបនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ ជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ខាងឧស្សាហកម្ម និងជំរុញសមធម៌នៃសង្គម៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top