ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ចំអកឱ្យលោក Boris Johnson ដែលបើកយន្តហោះចម្បាំង Typhoon

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសើចចំអកទៅលើវីដេអូ របស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលបានជិះនៅក្នុង យន្តហោះចម្បាំង Typhoon ហើយបានហៅការជិះនេះថា ជាការសម្ដែង របស់ “កំប្លែងអង់គ្លេស”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីដែលផុតអាណត្តិ Boris Johnson បានចូលរួមក្នុងការហោះហើរបង្ហាញ នៅ RAF Coningsby ក្នុងក្រុង Lincolnshire ចក្រភពអង់គ្លេស។ នៅក្នុងវីដេអូមួយដែលត្រូវបាន ចេញផ្សាយដោយរដ្ឋាភិបាល លោក Johnson ត្រូវបានគេមើលឃើញថា កំពុងគ្រប់គ្រងយន្តហោះនោះ ហើយបន្ទាប់មកបានលើកមេដៃ ឱ្យយន្តហោះចាក់សាំងពី អាកាសទៅអាកាស ២គ្រឿងទៀត។

លោកស្រី Zakharova បានសរសេរនៅលើ Telegram ចំពេលមានវិបត្តិថាមពល ពិភពលោកកាន់តែអាក្រក់ ដែលបង្កឡើងដោយទណ្ឌកម្ម របស់លោកខាងលិចលើប្រទេសរុស្ស៊ីថា “លោក Boris Johnson ហាក់ដូចជាបង្ហាញថា លោកចូលចិត្តតម្លៃប្រេងឥន្ធនៈ ខ្ពស់ហួសហេតុ ហើយការបញ្ចូលប្រេងគឺ សម្រាប់តែនៅលើអាកាសប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ថ្លែងនៅក្នុងកម្មវិធី Farnborough Air Show កាលពីថ្ងៃចន្ទ លោក Johnson បានចែករំលែកបទពិសោធន៍ នៃការហោះហើររបស់លោក ដែលជាការហោះហើរលើកដំបូង របស់គាត់ក្នុងរយៈពេលជាង២៥ ឆ្នាំ ដោយបង្ហាញថាបញ្ហាថាមពលពិតជា ស្ថិតនៅក្នុងចិត្តរបស់លោកខ្លាំងណាស់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top