ព័ត៌មានអន្តរជាតិ

ក្រោយចិនព្រមាន, លោក Joe Biden បង្ហាញអំពីការប្រឆាំងរបស់យោធា ទៅលើគម្រោងទស្សនកិច្ច របស់ប្រធានសភាទៅកាន់កោះតៃវ៉ាន់

បរទេស៖ ដោយនិយាយដោយសង្ខេប អំពីពាក្យចចាមអារ៉ាមអំពី ដំណើរទស្សនកិច្ចរបស់ ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្នើកាលពីថ្ងៃពុធថា យោធាបានប្រឆាំងទៅនឹង ដំណើរទស្សនកិច្ចនេះ។ ការអត្ថាធិប្បាយរបស់លោក បានឡើងក្រោយពីការ ព្រមានតឹងរ៉ឹងរយៈពេលពីរថ្ងៃ ពីក្រុងប៉េកាំងដែលថា ដំណើរទស្សនកិច្ចនេះអាចបំផ្លាញ ទំនាក់ទំនងចិន-អាមេរិកដោយមិនអាចកែប្រែបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Joe Biden ជាមួយសារព័ត៌មាននៅលើយន្តហោះ Air Force One ដោយត្រឡប់មក Washington ពីរដ្ឋ Massachusetts ជាកន្លែងដែលលោកបានប្រកាស សកម្មភាពប្រតិបត្តិលើការ ប្រែប្រួលអាកាសធាតុថា “ខ្ញុំគិតថា យោធាគិតថាវាមិនមែន ជាគំនិតល្អទេឥឡូវនេះ ប៉ុន្តែខ្ញុំមិនដឹងថាវាស្ថិត ក្នុងស្ថានភាពបែបណានោះទេ» ។ នេះបើតាម លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរ អំពីដំណើរកម្សាន្តនៅតៃវ៉ាន់ដ៏មាន សក្តានុពលរបស់លោកស្រី Pelosi។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាន រាយការណ៍កាលពីថ្ងៃអង្គារថា លោកស្រី Pelosi គ្រោងនឹងដឹកនាំគណៈប្រតិភូសភាទៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ក្នុងខែសីហាបន្ទាប់ពី បានលុបចោលការធ្វើដំណើរ ខែមេសាដោយសារការឆ្លង Covid-19 ។ លោកស្រី Pelosi នៃគណបក្សប្រជាធិបតេយ្យអាយុ ៨២ឆ្នាំ មិនបានបញ្ជាក់ជាផ្លូវការ ឬបដិសេធការធ្វើដំណើរនេះទេ ហើយទាំងរដ្ឋាភិបាលនៅតៃប៉ិ ក៏មិនមានការអត្ថាធិប្បាយអ្វីនោះដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top