ព័ត៌មានអន្តរជាតិ

ការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តីអ៊ីតាលី អាចបង្កឱ្យមានភាពមិនប្រាកដប្រជាកើតឡើង

រ៉ូម៖ ជាមួយនឹងវិបត្តិរដ្ឋាភិបាល របស់ប្រទេសអ៊ីតាលី បានឈានចូលមកដល់ អ្នកវិភាគបានឲ្យដឹងថា ប្រទេសនេះទំនងជាជួបប្រទះនឹងរយៈពេល នៃភាពមិនច្បាស់លាស់ និងមើលឃើញពីភាពលំបាក សម្រាប់ដំណើរការ កំណែទម្រង់របស់ខ្លួន។

លោក Mario Draghi អតីតប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានលាលែងពីតំណែងជាផ្លូវការ ជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាន់តំណែងរយៈពេល ១៧ខែ។

លោកនឹងបន្តការងារ ដើម្បីដឹកនាំរដ្ឋាភិបាលចាំផ្ទះ ដែលត្រូវចូលរួមកិច្ចការប្រចាំថ្ងៃ។  ក្នុងរយៈពេល ៧០ ថ្ងៃ មុនការបោះឆ្នោតថ្មីត្រូវតែធ្វើឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Vincenzo Emanuele សមាជិកនៃមជ្ឈមណ្ឌលអ៊ីតាលី សម្រាប់ការសិក្សាការបោះឆ្នោត (CISE) និងអ្នកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ LUISS នៃទីក្រុងរ៉ូម បានប្រាប់ស៊ីនហួថា “នេះមានន័យថាដំណើរការកំណែទម្រង់នៅក្នុងប្រទេសអ៊ីតាលី កំពុងជាប់គាំងនៅពេលនេះ។ នៅក្នុងតួនាទីថ្មីរបស់លោក Draghi នឹងគ្រាន់តែធ្វើឱ្យប្រាកដថារដ្ឋាភិបាល នៅតែបន្តដំណើរការ លុះត្រាតែមានគ្រោះអាសន្នធំ”។

លោក Emanuele និងអ្នកវិភាគផ្សេងទៀត បាននិយាយថា នេះនឹងមិនប៉ះពាល់ដល់កំណែទម្រង់ ដែលកំពុងដំណើរការនោះទេ ប៉ុន្តែវាមានន័យថាអ៊ីតាលី មិនអាចចាត់វិធានការឆ្ពោះទៅរកកំណែទម្រង់ថ្មី ដែលត្រូវការ ដើម្បីទទួលបានប្រាក់រាប់ពាន់លានអឺរ៉ូនៅក្នុងជំនួយ និងកម្ចីមូលនិធិសង្គ្រោះមេរោគឆ្លងរបស់សហភាពអឺរ៉ុប។

ការបញ្ចប់កំណែទម្រង់ ដែលបានរៀបរាប់នៅក្នុង ផែនការស្តារ និងធន់នឹងជាតិរបស់ប្រទេស គឺជាលក្ខខណ្ឌជាមុនសម្រាប់ខ្លួនក្នុងការបន្ត ទទួលបានផ្នែកចំនួន ២០០ពាន់លានអឺរ៉ូ (២០៤,៥ពាន់លានដុល្លារអាមេរិក) នៃកញ្ចប់សង្គ្រោះក្រោយកូវីដរបស់សហភាពអឺរ៉ុប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top