ព័ត៌មានអន្តរជាតិ

WHO ប្រកាសថា ជំងឺអុតស្វាបង្កឲ្យមានអាសន្នធំ សម្រាបសុខភាពសកល ខណៈករណីឆ្លងមានសន្ទុះកើនឡើង

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) កាលពីថ្ងៃសៅរ៍បានប្រកាសថា ការផ្ទុះជំងឺអុតស្វា ដែលបានប៉ះពាល់ដល់មនុស្សជិត ១៧.០០០នាក់ នៅក្នុងប្រទេសចំនួន៧៤ ដោយថាបង្កឲ្យមានអាសន្នធំសម្រាប់សុខភាពសកល ដែលជាការជូនដំណឹងខ្ពស់បំផុត ដែលវាអាចកើតឡើង ។

លោក Tedros Adhanom Ghebreyesus នាយកអង្គការ WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំបានសម្រេចចិត្តថា ការផ្ទុះជំងឺស្វាជាសកល តំណាងឱ្យភាពអាសន្នសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ” ។

លោកបានថ្លែងថា គណៈកម្មាធិការអ្នកជំនាញ ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ មិនអាចឈានដល់ការឯកភាពគ្នានោះទេ ដូច្នេះបន្ទុកនេះធ្លាក់មកលើរូបគាត់ ក្នុងការសម្រេចចិត្ត ថាតើ ត្រូវធ្វើការជូនដំណឹងខ្ពស់បំផុត ដែលអាចធ្វើទៅបានឬអត់ ។

ក្រុងវ៉ាស៊ីនតោនបានស្វាគមន៍ សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកថា ជា “ការអំពាវនាវឱ្យមានសកម្មភាពសម្រាប់សហគមន៍ពិភពលោក ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ” ។

លោក Raj Panjabi នាយកជាន់ខ្ពស់ សម្រាប់ផ្នែកសន្តិសុខ និងជីវការពារពិភពលោក របស់សេតវិមានបានលើកឡើងថា “ការឆ្លើយតបជាលក្ខណៈអន្តរជាតិ ដែលមានការសម្របសម្រួលគឺចាំបាច់ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺអុតស្វា គឺដើម្បីការពារសហគមន៍ ដែលមានហានិភ័យខ្ពស់បំផុតនៃការឆ្លងជំងឺ និងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ”  ។

លោក Tedros បានកត់សម្គាល់ថា នៅគ្រាដែលគាត់បានកោះប្រជុំគណៈកម្មាធិការគ្រាអាសន្ន របស់អង្គការសុខភាពពិភពលោកកាលពីខែមុនដើម្បីវាយតម្លៃ ថាតើ ការផ្ទុះឡើងតំណាងឱ្យភាពអាសន្ន ផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិនោះ មានករណីជំងឺស្វាចំនួន៣.០៤០ ដែលបានរាយការណ៍ ពីប្រទេសចំនួន៤៧ ។

លោកបានថ្លែងថា “ចាប់តាំងពីពេលនោះមក ការផ្ទុះឡើងបានបន្តកើនឡើង ហើយឥឡូវនេះមានករណី រាយការណ៍ជាង ១៦.០០០ពីប្រទេស និងដែនដីចំនួន៧៥ ហើយមានអ្នកស្លាប់ចំនួន៥នាក់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top