ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីលោក ត្រាំ រិះគន់អាមេរិក ដែលបានផ្តល់ជំនួយដល់អ៊ុយក្រែន ច្រើនជាងអឺរ៉ុប

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានបញ្ហាផ្ទាល់ខ្លួនច្រើនពេកក្នុងការប្រគល់លុយ និងអាវុធទៅឱ្យអ៊ុយក្រែន សម្រាប់ជម្លោះជាមួយរុស្ស៊ី។ លោក​បាន​ទទូច​ថា វា​ជា​អឺរ៉ុប​ដែល​គួរ​តែ​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ក្រុង​គៀវ ដោយសារ​វា​រង​ឥទ្ធិពល​ខ្លាំង​ពី​ស្ថានការណ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បាន​ឲ្យដឹងថា ថ្លែងនៅឯកិច្ចប្រជុំកំពូលសកម្មភាពនិស្សិតនៅទីក្រុង Tampa រដ្ឋ Florida កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានរំលឹកពីរបៀបដែលលោកបានជំរុញឱ្យសមាជិកណាតូនៅក្នុងសហភាពអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ២ភាគរយនៃ GDP របស់ពួកគេក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី។ 

លោកបាននិយាយថា កាលពីអតីតកាល សហរដ្ឋអាមេរិកត្រូវបាន “ទាញយកផលប្រយោជន៍ពីអឺរ៉ុប” ហើយឥឡូវនេះរឿងដដែលនេះកំពុងកើតឡើងម្តងទៀតលើអ៊ុយក្រែន។

លោក​បាន​បន្ត​ថា «រហូត​មក​ដល់​ពេល​នេះ យើង​បាន​ផ្តល់​ប្រាក់​ជាង ៦០ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន។ ជាការប្រសើរណាស់ បណ្តាប្រទេសអ៊ឺរ៉ុប ដែលជាក់ស្តែងរងផលប៉ះពាល់ខ្លាំងជាងយើង បានផ្តល់ប្រភាគតូចមួយនៃចំនួននោះ” ។

លោក ដូណាល់ ត្រាំ បានអះអាងថា ប្រសិនបើលោកនៅតែកាន់តំណែង នោះលោក “អាចទៅទីនោះ [ទៅអឺរ៉ុប] ហើយនិយាយថា ‘ស្តាប់ អ្នកនឹងដាក់ប្រាក់ដូចគ្នា ឬលុយច្រើនជាងយើង ហើយពួកគេនឹងធ្វើវាដោយរីករាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top