ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ជប៉ុនអនុម័តផែនការ បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ យ៉ាងកម្រោល គួរតែត្រូវដេញដោលទំនួលខុសត្រូវ និងទារសំណង

ថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការបទប្បញ្ញត្តិ ថាមពលបរមាណូ របស់ជប៉ុន បានអនុម័តជាផ្លូវការនូវផែនការ របស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយទៅក្នុងសមុទ្រ ។ នេះជាជំហានដ៏មានគ្រោះថ្នាក់មួយរបស់ជប៉ុន ដែលប៉ុនប៉ងធ្វើឱ្យរឿងនេះក្លាយទៅជាការពិត ។

បច្ចុប្បន្ននេះ រោងចក្រអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយបានតម្កល់ទុកទឹក សំណល់នុយក្លេអ៊ែរលើសពី១២៥ម៉ឺនតោន ។ អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បានលើកឡើងថា ធាតុវិទ្យុកម្មក្នុងទឹកសំណល់នុយក្លេអ៊ែរ ពិបាកដោះស្រាយឱ្យអស់ ហើយចាប់ពីថ្ងៃចាប់ផ្តើមបង្ហូរទឹកសំណល់ ដល់ថ្ងៃទី៥៧ ធាតុវិទ្យុកម្មនេះក៏អាចសាយភាយ ដល់លំហលើសពីពាក់កណ្តាល នៃមហាសមុទ្រប៉ាស៊ីហ្វិក ១០ឆ្នាំទៀត នឹងប៉ះពាល់ដល់លំហសមុទ្រ នៅពិភពលោកទាំងមូល ។ ដូច្នេះ ចាប់ពីខែមេសាឆ្នាំមុន រដ្ឋាភិបាលជប៉ុនបានធ្វើសេចក្តីសម្រេចខុសឆ្គង ដែលចង់បង្ហូរទឹកសំណល់ទៅក្នុងសមុទ្រមក សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋជប៉ុន ក៏បានចោទជាមន្ទិលសង្ស័យ និងបញ្ចេញសំឡេង ប្រឆាំងឥតឈប់ឈរ ។

ទាក់ទិននឹងរឿងនេះ ជប៉ុន មិនបានសហការជាមួយភាគីពាក់ព័ន្ធ ធ្វើការបញ្ជាក់ប្រកបដោយវិទ្យាសាស្ត្រ ចំពោះភាពត្រឹមត្រូវនៃផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ មិនបានបញ្ជាក់ពីភាពអាចជឿទុកចិត្ត បានរបស់ប្រសិទ្ធភាពរបស់ឧបករណ៍ប្រព្រឹត្តកម្មទឹកសំណល់ និងភាពប្រាកដប្រជា នៃឥទ្ធិពលចំពោះបរិវេណនោះទេ ។ ផ្ទុយទៅវិញ អ្នកនយោបាយជប៉ុន បានចាប់ផ្តើមលេងឧបាយកលធ្វើមិនដឹងមិនឮទៅទៀត ។

កាលពីឆ្នាំមុន ខណៈពេលរដ្ឋាភិបាលជប៉ុន ប្រកាសសេចកី្តសម្រេចចិត្តស្តីពី ការបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ  ជប៉ុនបានតុបតែងដោយចេតនាឱ្យ “ទឹកសំណល់នុយក្លេអ៊ែរ”ដែលនឹងបង្ហួរទៅក្នុងសមុទ្រ ក្លាយជា “ទឹកដែលត្រូវចាត់ចែងដោយបច្ចេកទេសALPS” ប៉ុន្តែតាមពិតទៅ ជប៉ុននៅមិនទាន់ក្តាប់ជាប់បច្ចេកទេស ចម្រោះប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្ត បានទាល់តែសោះ ។ ឆ្នាំនេះ ជប៉ុនបានអញ្ជើញក្រុមការងារបច្ចេកទេស នៃអង្គការថាមពលបរមាណូអន្តរជាតិ ទៅធ្វើការវាយតម្លៃនៅកន្លែងផ្ទាល់ពីរលើក ប៉ុន្តែអង្គការនេះ មិនបានផ្តល់មតិសនិ្នដ្ឋាន ចំពោះផែនការបង្ហូរទឹកសំណល់ ទៅក្នុងសមុទ្រនោះទេ ព្រមពេលជាមួយគ្នានេះ ក៏បានលើកឡើងសំណូមពរឱ្យធ្វើការបកស្រាយ និងមតិកែសម្រួលជាច្រើន ក្នុងសភាពការណ៍បែបនេះ អ្នកនយោបាយជប៉ុនបានអនុម័តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រយ៉ាងកម្រោល ។ អង្គការការពារបរិស្ថានរបស់កូរ៉េខាងត្បូង សម្គាល់ឃើញថា “ទង្វើនេះមិនខុសពីការធ្វើវាយប្រហារភេរវកម្ម ដោយនុយក្លេអ៊ែរនោះឡើយ” ។

ក្នុងស្រុកជប៉ុន សម្លេងដែលប្រឆាំង រដ្ឋាភិបាលបង្ហូរទឹកសំណល់ ទៅក្នុងសមុទ្រក៏មានរលកកាន់តែខ្ពស់ដែរ ។ នៅព្រឹកថ្ងៃទី២២ ខែកក្កដា នៅខាងក្រៅនៃការិយាល័យ របស់គណៈកម្មាធិការបទប្បញ្ញត្តិ ថាមពលបរមាណូរបស់ជប៉ុន ប្រជាពលរដ្ឋដែលមកពីតំបន់នានា ដូចជាក្រុងតូក្យូ និងតំបន់ Chiba-shi ជាដើមបានប្រមូលផ្តុំគ្នា ។ ពួកគេបានលើកផ្ទាំងបដារ ដើម្បីប្រឆាំងនឹងទង្វើបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ ។ ប្រជាពលរដ្ឋជប៉ុនម្នាក់ ដែលបានចូលរួមមីទ្ទីង លើកនេះបានថ្លែងថា “បរិមាណធាតុបំពុលគ្មានការកែប្រែអីទេ អ្នកនយោបាយជប៉ុនថា ឱ្យតែធ្វើការចម្រោះក៏នឹងគ្មានបញ្ហាទេ ពាក្យសំដីនេះគួរឱ្យអស់សំណើចណាស់ ” ។

ការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima មិនមែនជារឿងផ្ទាល់ខ្លួនរបស់ជប៉ុននោះទេ ។ អនុលោមតាម « អនុសញ្ញាច្បាប់មហាសមុទ្រ របស់អង្គការសហប្រជាជាតិ»  បណ្តាប្រទេសនានាសុទ្ធតែមានភារកិច្ចការពារ និងថែរក្សាបរិស្ថានសមុទ្រ  ហើយបានបញ្ជាក់ថា “បណ្តាប្រទេសនានា ត្រូវទទួលរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ” ។ បើសិនជាជប៉ុនទទូចដើរតាមផ្លូវខុសឆ្គង នោះសហគមន៍អន្តរជាតិ មានសិទ្ធិគ្រប់គ្រាន់ក្នុងការដេញដោល ទំនួលខុសត្រូវនិងទារសំណងតាមផ្លូវច្បាប់ ៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top